ការវិនិយោគ គឺមានចំណេញ មានខាត ហើយមានការវិនិយោគខ្លះ លោកអ្នកត្រូវចេះគ្រប់គ្រងនូវហានិភ័យឲ្យនៅទាបបំផុត ដើម្បីអាចជៀសវាងនៅការខាតបង់ខ្ពស់ ជាក់ស្ដែកដូចជាវិស័យ Forex ជាដើម ដែលនៅក្នុងប្រទេសមួយចំនួនបានបង្ហាញពីប្រវត្តិមិនល្អ និងបានធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្ត។ 

សម្រាប់ការវិនិយោគនៅផ្សារមូលបត្រកម្ពុជា(ផ.ម.ក) បានលើកឡើងពីការវិយោគ ដែលមានសុវត្តិភាព១០០% ដោយបានលើកឡើងនូវហេតុផល៣យ៉ាង មកពន្យល់ពីសុវត្តិភាពនៃវិនិយោគជាមួយ ផ.ម.ក នេះថា៖

១. ភាគហ៊ុនត្រូវបានរក្សាទុកនៅផ.ម.ក.៖ រាល់មូលបត្រទាំងអស់ដែលបានចុះបញ្ជីនៅផ.ម.ក. ត្រូវបានរក្សាទុកក្នុងទម្រង់អេឡិចត្រូនិចនៅ ផ.ម.ក. ដែលជាប្រតិបត្តិកររក្សារទុកមូលបត្រទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ដោយមានការកត់ត្រាឈ្មោះវិនិយោគិនយ៉ាងច្បាស់លាស់ត្រឹមត្រូវនិងប្រកបដោយសុវត្ថិភាព។ 

វាស្រដៀងគ្នាទៅនឹងការផ្ញើប្រាក់របស់លោកអ្នកនៅធនាគារដែរ ដែលនៅទីនោះ ព័ត៌មានអំពីសាច់ប្រាក់ដែលជាកម្មសិទ្ធិរបស់លោកអ្នកត្រូវបានរក្សាទុកជាអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាព។ រាល់ពេលមានការជួញដូរ ការផ្ទេរកម្មសិទ្ធិនឹងត្រូវធ្វើឡើងនៅក្នុងប្រព័ន្ធ តាមរយៈការផ្ទេររវាងគណនី (book-entry), គឺស្រដៀងគ្នានឹងការផ្ទេរលុយនៅក្នុងធនាគារដូច្នោះដែរ។

២. សាច់ប្រាក់រក្សាទុកនៅធនាគារពាណិជ្ជ៖ រាល់សាច់ប្រាក់របស់វិនិយោគិនត្រូវបានរក្សាទុកនៅក្នុងធនាគារពាណិជ្ជ (ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ) ស្ថិតនៅក្រោមឈ្មោះវិនិយោគិនផ្ទាល់ដែលជ្រកក្រោមគណនីអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ។ ប្រាក់របស់វិនិយោគិនត្រូវបានគាំពារ និងរក្សាទុកដោយសុវត្ថិភាព ដោយធនាគារពាណិជ្ជទទួលស្គាល់ថា សាច់ប្រាក់ជារបស់វិនិយោគិនម្នាក់ៗ និងមិនអាចដក ឬផ្ទេរទៅបុគ្គលណាផ្សេងក្រៅពីវិនិយោគិនផ្ទាល់បានឡើយ ហើយសាច់ប្រាក់នោះ ត្រូវបានគាំពារដោយច្បាប់ផងដែរ បើទោះធនាគារពាណិជ្ជក្ស័យធនក៏ដោយ។

៣. វិនិយោគិនអាចពិនិត្យសមតុល្យមូលបត្រ/សាច់ប្រាក់ដោយខ្លួនឯងគ្រប់ពេលវេលា៖ តាមរយៈប្រព័ន្ធជួញដូរចល័ត (MTS) វិនិយោគិនអាចពិនិត្យមើលសមតុល្យមូលបត្រ និងសាច់ប្រាក់របស់ខ្លួនបានគ្រប់ពេលវេលាដោយខ្លួនឯង។ វិនិយោគិនក៏អាច ដកឬដាក់ សាច់ប្រាក់ដែលមាននៅក្នុងគណនីជួញដូររបស់លោកអ្នកបានគ្រប់ពេលវេលា តាមរយៈគ្រប់សាខារបស់ធនាគារពាណិជ្ជដែលទុកសាច់ប្រាក់របស់លោកអ្នក ឬ ផ្ទេរទៅធនាគារផ្សេងទៀត ដែលផ្ដល់ភាពងាយស្រួលនិងសុវត្ថិភាពជូនចំពោះវិនិយោគិន៕

Ref: CSX