ភ្នំពេញ ៖ គម្រោងសាងសង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅទូទាំក្រុងសៀមរាបក្នុងរយៈពេលជាង១ខែចាប់គិតពីថ្ងៃបើកការដ្ឋានក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបានប្រមាណជាង១៤ភាគរយនៃផែនការសរុប។ 

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ផ្លូវ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងសៀមរាបបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាព និងលទ្ធផលនៃដំណើរការសាងសង់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា ជាជំហ៊ានបន្ទាប់ គណៈកម្មការអន្តរក្រសួង នឹងធ្វើការបន្តការត្រួតពិនិត្យតាមដានការងារ ព្រមទាំងធ្វើការដោះស្រាយកែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថា ការស្ថាបនា នឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចប់សព្វគ្រប់។

សម្ដេចបានបញ្ជាក់ថា អ្វីដែលសំខាន់គឺត្រូវធ្វើការឱ្យបានស៊ីជម្រៅ និងត្រួតពិនិត្យលើបញ្ហាមួយចំនួន ដែលរាំងស្ទះដល់ដំណើរការសាងសង់ ដើម្បីដាក់ចេញនូវដំណោះស្រាយ ធ្វើយ៉ាងណាឱ្យដំណើរការនៃការសាងសង់ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់មានភាពរលូន និងអាចបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុកជាស្ថាពរ។ 

សូមបញ្ជាក់ជូនថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖

ប្រភេទទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រឡើងវិញ។

ប្រភេទទី២៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ។

ប្រភេទទី៣៖ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ។

ប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២៥សង់ទីម៉ែត្រ៕