ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ មហាជនអ្នកគាំទ្រវិស័យសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គេសង្កេតឃើញថា តារាចម្រៀងដែលមានឈ្មោះបោះសម្លេង នៅកម្ពុជា មួយចំនួនបានប្រកាសជាបន្តបន្ទាប់ ដោយបង្ហាញនូវជំហរ និង ជំនឿចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការនិពន្ធបទចម្រៀងដោយ ខ្លួនឯង។ ជាការតាំងចិត្ត ដើម្បីលើកស្ទួយ និងស្តារមុខមាត់សិល្បៈកម្ពុជា ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បាញល្បី សុះសាយកាលពីសម័យអតីតកាល។
នៅចំពោះមុខទស្សនិកជន ជាង ២០០០ នាក់ ក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តី Original Songs The Mic Cambodia Season 1 លោក ហេង ពិទូ ដែលបានក្លាយជាឯកអគ្គរាជទូត ប្រចាំព្រឹត្តិការណ៍ The Mic Cambodia Season 1 បាននិយាយថា លោកនឹងបន្តខិតខំឲ្យអស់ ពីលទ្ធភាព ដើម្បីនិពន្ធបទចម្រៀងដោយខ្លួនឯង។
លោក បញ្ជាក់ថា បើទោះបីជាការនិពន្ធបទចម្រៀងដោយខ្លួនឯង មិនចម្លងពីប្រទេសនៅកម្ពុជា សព្វថ្ងៃមិនទាន់មានភាពផុសផុលខ្លាំងក៏ដោយ ប៉ុន្តែ លោក ជឿជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត នោះ បទចម្រៀងរបស់កម្ពុជានឹងអាចប្រកួតប្រជែងនឹងប្រទេសដទៃបាន។
ជាមួយគ្នានេះ បទចម្រៀងដែលជាស្នាដៃនិពន្ធថ្មីរបស់លោក ហេង ពិទូ ដែលមានចំណងជើងថា«ទីបំផុត» បានទទួលការគាំទ្រយ៉ាងខ្លាំង ទាំងនៅលើបណ្តាញសង្គម យូធូបព្រមទាំងនៅឆាកប្រគុំតន្រ្តី The Mic Cambodia ផងដែរ។
«ឈ្លោះគ្នា រាល់ថ្ងៃបានអ្វីខ្លះ ឆ្លើយបានទេ ប្រច័ណ្ឌបិទសិទ្ធិគ្នារាល់ថ្ងៃ បានអ្វីខ្លះ…»នេះជាវគ្គមួយនៅក្នុងបទចម្រៀង របស់តារាចម្រៀង ហេង ពិទូ ដែល យុវតី សម្បុសរាងតូចល្អិតបន្តិច បានច្រៀងតាម។ វាជាកាយវិការមួយ ដែលនេះបង្ហាញពីការគាំទ្រនិងការពេញចិត្តយ៉ាងខ្លាំងរបស់កញ្ញា ចំពោះបទចម្រៀង Original Songs ។
យុវតី អេមី ដែលបច្ចុប្បន្ន ជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានរៀបរាប់ថា៖« ខ្ញុំមានអារម្មណ៍ថា រំភើបនៅពេលដែលមានយុវវ័យជាច្រើនចាប់ផ្តើមគាំទ្របទចម្រៀងដែលជាស្នាដៃនិពន្ធថ្មីសុទ្ធសាធ របស់តារាចម្រៀងខ្មែរ»។
កញ្ញា ក៏បានបង្ហាញនូវសុទិដ្ឋិនិយមរបស់ខ្លួនថានិន្នាការនិពន្ធបទចម្រៀងដោយខ្លួនឯង នឹងបន្តកើនឡើងបន្ថែមទៀតជំនួសឲ្យការចម្លងបទចម្រៀងបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់សិល្បៈរបស់កម្ពុជា។
ដោយឡែក លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈដែលថ្លែងនៅចំពោះមុខ សិល្បករ សិល្បការិនី និង ទស្សនិកជន ជាច្រើននៅក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីនោះ រៀបរាប់ថា ការចម្លង ទំនុកច្រៀង បទភ្លេងកាយវិការ សម្តែង ពីបរទេស គួរតែត្រូវបានកាត់បន្ថយ ឬ លប់បំបាត់ចោល ។ការលើកឡើងដូច្នេះ ដោយសារតែមន្រ្តីជាន់ខ្ពស់ នៃក្រសួងវប្បធម៌រូបនេះ ចាត់ទុកថាវាបានធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ទៅដល់កិត្យានុភាពនៃវិស័យសិល្បៈរបស់កម្ពុជា។
លោក ក៏បានសង្កត់ធ្ងន់ផងដែរថា ការចម្លងស្នាដៃពីបរទេសវាគឺការដែលធ្វើឲ្យអាប់អោន និង ជាភាពអាម៉ាសមួយ សម្រាប់សង្គមកម្ពុជា ទាំងមូល។
យ៉ាងណាក៏ដោយ លោក បានបង្ហាញក្តីសោមន្សរីករាយ នៅពេលដែលនិន្នាការនៃការនិពន្ធបទចម្រៀងមានការកើនឡើងហើយ លោក ក៏បានអំពាវនាវឲ្យមាន គាំទ្របន្ថែមទៀត ពីសំណាក់ប្រជាជនទូទៅ និងអ្នកស្រលាញ់វិស័យសិល្បៈ ចំពោះស្នាដៃថ្មី ឬ បទចម្រៀងដែលជាស្នាដៃនិពន្ធថ្មីសុទ្ធសាធរបស់តារាចម្រៀង និង យុវជន ជំនាន់ក្រោយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មិនមែនមានតែតារាចម្រៀងដែលមានឈ្មោះបោះសម្លេងនៅកម្ពុជាទេដែលបានដើរលើគន្លងនិពន្ធបទចម្រៀងដោយខ្លួនឯងនេះ សូម្បីតែ យុវវ័យ មួយចំនួនក៏ចាប់ផ្តើម បង្ហាញនូវទេពកោសល្យរបស់ខ្លួន ទាក់ទងនឹងការនិពន្ធបទចម្រៀងថ្មី ផងដែរ៕