ខេត្តបាត់ដំបង៖ ស្រុកចំនួន៤ក្នុងខេត្តបាត់ដំបង ត្រូវបានរកឃើញថាទទួលរងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប ដែលមានផ្ទៃក្រឡាសរុបទាំងអស់មានចំនួន ២៩ទីតាំង ស្មើនឹង១២,២២១ ហ.ត ដោយមានការខូចខាតដោយភ្លើងឆេះព្រៃ សរុប ២០,៩៤៧ហ.ត ។

ស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង រងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប ក្នុងនោះរួមមាន ៖ ស្រុកមោងឫស្សី ២,២១៤ ហ.ត, ស្រុកសង្កែ ៦,១១៤ ហ.ត, ស្រុកឯកភ្នំ ៣,០៥៣ ហ.ត, ស្រុកថ្មគោល ៨៣៨ ហ.ត។

ក្រុមការងារចម្រុះនេះ ដឹកនាំដោយឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លើវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់នូវការលួចកាប់ព្រៃលិចទឹកបឹងទន្លេសាប បានចុះទៅពិនិត្យកន្លែងគោលដៅជាក់ស្តែង ដើម្បីសិក្សាវាយតម្លៃ ដែលក្រុមល្មើសបានធ្វើការកាប់ទន្ទ្រានព្រៃលិចទឹកស្ថិតនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាទីតាំងស្ថិតនៅក្នុងតំបន់៣ ហើយតាមការពិនិត្យជាក់ស្តែងឃើញថា ផ្ទៃដីក្រោយពីការកាប់ទន្រ្ទានព្រៃលិចទឹកដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក ក្នុងនោះមានទាំងគ្រឿងយន្ត ទាំងស្រូវពូជរៀបនឹងសាបព្រោះ នៅទីនោះគឺជាវត្ថុតាងដ៏សំខាន់ដែលក្រុមការងារចម្រុះបានឃើញផ្ទាល់តែម្តង ។

ឯកឧត្តម ប៉ែន សុផល បាននាំយកការផ្តាំផ្ញើរពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយក្រុមការងារចម្រុះត្រូវកំណត់យាមការឲ្យបានច្បាស់លាស់ ដើម្បីរកឲ្យឃើញថា ដីទន្ទ្រានទាំងនេះជារបស់អ្នកណា ឬអ្នកនៅពីក្រោយ ស្គាល់ឲ្យបានច្បាស់លាស់ ចំណែកក្រសួងនិងមន្ទីរពាក់ព័ន្ឋ សូមធ្វើទិន្ន័យឲ្យមានការឯកភាពគ្នាតែមួយ និងត្រូវដាំដើមឈើឡើងវិញតាមចំណុចគោលដៅ ឬព្រំប្រទល់ដីលិចទឹកជាដើម ៕