ខេត្តកំពង់ធំ៖ វឌ្ឍនភាពនៃការគម្រោងសាងសង់សំណង់ស្ទាក់ទឹកស្ទឹងជីនិត មានទីតាំងស្ថិតនៅក្នុងឃុំព្នៅ ស្រុកសន្ទុក និងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សំណង់ស្ទាក់ទឹកស្ទឹងជីនិត មានតួនាទីស្ទាក់ទឹកស្ទឹងជីនិតដើម្បីតម្កល់ទឹកទុកតាមបណ្តោយស្ទឹងសម្រាប់ធ្វើការស្រោចស្រព បន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មរបស់ប្រជាកសិករ ស្រូវរដូវវស្សាចំនួន ១.១៥០ហិកតា ស្រូវរដូវប្រាំង ចំនួន ១.៣៦០ហិកតា ដំណាំរួមផ្សំចំនួន ៣០ហិកតា និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋចំនួន ១៥ភូមិ របស់ស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
បច្ចុប្បន្នក្រុមការងារសម្រេចការងារសាងសង់ឈានចប់ជាស្ថាពរ នៅសល់តែធ្វើការផ្តាច់ទំនប់បង្វៀងទឹកមុខក្រោយ ឈានទៅធ្វើការប្រគល់ទទួលដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នៅពេលខាងមុខនេះ ។
ទំហំការងារមាន ៖
- សាងសង់ទំនប់ស្ទឹងជីនិត ប្រវែង ១៥០ ម៉ែត្រ
- ជីកប្រឡាយស្ទឹងជីនិត ប្រវែង ១៣៥ ម៉ែត្រ
- សាងសង់សំណង់ស្ទាក់ទឹកស្ទឹងជីនិត (ទ្វារធំ១៣សន្លឹក,ទ្វារតូច០៣) ចំនួន ០១កន្លែង
- សាងសង់សំណង់លូជ្រុង(ទ្វារ២) ចំនួន០១កន្លែង
សូមបញ្ជាក់ថា ៖ សក្កានុពលប្រភពទឹកនៃស្ទឹងជីនិតជាប្រភេទស្ទឹងរស់ មានទឹកខួបប្រាំងខួបវស្សា ដែលហូរធ្លាក់មកពីក្បាលស្ទឹងជីនិត ។ មុនពេលសាងសង់សំណង់ស្ទាក់ទឹកស្ទឹងជីនិតនេះ ប្រជាពលរដ្ឋ ជួបការលំបាកនៅកង្វះទឹកសម្រាប់ធ្វើការស្រោចស្រពបង្កបង្កើនផលកសិកម្ម ស្រូវរដូវវស្សា ស្រូវរដូវប្រាំង ដំណាំរួមផ្សំ និងកសិផល ទទួលបានមិនឆ្លើយតបតាមតម្រូវការរបស់ប្រជាកសិករ ដោយមិនអាចធ្វើការស្ទាក់ទឹកស្ទឹងជីនិតបាន ទឹកត្រូវបានហូរចោល ៕