ចិន៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងកម្រិតយឺតបំផុតតាំងពីឆ្នាំ1990 ដែលបង្កការភ័យខ្លាចអំពីផលប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោក។
តួលេខផ្លូវការ ចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថាសេដ្ឋកិច្ចប្រទេសចិនមានកំណើន 6,6%នៅក្នុងឆ្នាំ 2018 ។ ក្នុងរយៈពេលបីខែ គិតត្រឹមខែធ្នូ សេដ្ឋកិច្ចចិនបានកើនឡើង6,4% ធៀបនឹងត្រីមាសឆ្នាំមុន បានធ្លាក់ចុះពី 6,5% ។
ទិន្នន័យនេះ ស្របជាមួយនឹងការព្យាករណ៍ ប៉ុន្តែជាការព្រួយបារម្ភអំពីការធ្លាក់ចុះកំណើន នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ លើពិភពលោក បន្ទាប់ពីអាមេរិក។
តួលេខផ្លូវការ ក៏បានបង្ហាញថាអត្រាកំណើន ប្រចាំត្រីមាស ស្ថិតក្នុងកម្រិតខ្សោយបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨។ កំណើនយឺតនៅក្នុងប្រទេសចិន មានន័យថា នឹងអាចនាំឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូល មានកំណើនទាបផងដែរ៕