ក្រសួង​ការ​បរទេស​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវ​ការក្រោយ​​​​ដំណឹង​នៃ​លទ្ធផល​​​តេស្ត​វិជ្ជមាន​​​វីរុស​កូវីដ​-១៩ នៅ​លើ ឯក​ឧត្តម​ ភីធើ ស៊ីចាតូ រដ្ឋ​មន្ត្រី​ការបរទេស​​ និង​ពាណិជ្ជកម្ម​ហុង​គ្រី​​ ដែលបានធ្វើតេស្តនៅ ​​ទី​ក្រុង​បាងកក ​ប្រទេស​ថៃ ។ ​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ​​បាន​បញ្ជាក់​ពី​ស្ថានភាព​​សមាជិក​គណៈ​ប្រតិភូ​​ហុង​គ្រី​ទាំង​អស់​ថា​​បាន​ធ្វើ​តេស្ត និង​មាន​វិញ្ញាបន​បត្រ​សុខភាព​បញ្ជាក់​ថា គ្មាន​វីរុស​កូវីដ​-១៩​ នោះ​ទេ មុន​ពេល​ចេញ​ដំណើរ​មក​កម្ពុជា។

​​​​​គួរ​បញ្ជាក់​ដែរ​ថាកាល​ពី​ថ្ងៃ​០៣​ វិច្ឆិកា២០២០ ម្សិល​មិញ ឯក​ឧត្តម​ភីធើ ស៊ីចាតូ បាន​ដឹក​នាំ​គណៈប្រតិភូ​​មក​បំពេញ​ទស្សនកិច្ច​​ផ្លូវ​ការ​នៅ​កម្ពុជា។ នៅ​ក្រោយ​ពេល​ដំណឹង​លទ្ធផល​វិជ្ជមាន​​នៃ​កូវីដ-១៩​​​​ពី​ប្រទេស​ថៃ​ខាង​លើ​នេះ​រដ្ឋាភិបាល​​កម្ពុជា​ ក៏​បាន​សម្រេច​ឱ្យ​ថ្នាក់​ដឹក​នាំនិង​មន្ត្រី​ទាំង​អស់​ ដែល​បាន​ជួប​និង​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​ជា​មួយ​ប្រតិភូ​នៅ​ក្នុង​ទស្សនកិច្ច​ធ្វើ​តេស្ត​​​រក​វីរុស​កូវីដ-១៩​​​​ និង​​ដាក់​​ឱ្យ​នៅ​ដោយ​ឡែក​ទៅ​តាម​ការ​កំណត់​របស់​​ក្រសួង​សុខាភិបាល​​ផង​ដែរ៕