រាងតូចសម្បុរស្រអែម មានស្រុកកំណើត នៅទីក្រុងភ្នំពេញលោក សៀង វិរៈទើបតែមានអាយុ ២៤ឆ្នាំ បានក្លាយជាម្ចាស់ក្រុមហ៊ុនឈ្មោះ «រំដួល»និងបើកសាលាឯកជន បីសាខា ។​

ជាកូនទី៧ នៅក្នុងគ្រួសារមួយដែលមានបងប្អូន១០នាក់ លោក សៀង វិរៈ បានបញ្ចប់ថ្នាក់មធ្យមសិក្សា ទុតិយភូមិនៅឆ្នាំ២០១០តែដោយជីវភាពគ្រួសារ មានភាពក្រីក្រ និងការមមាញឹកក្នុងការងារ បណ្តាលអោយលោក ទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកច្បាប់នៅសកលវិទ្យាល័យ បៀលប្រាយ នៅដើមឆ្នាំ២០១៦នេះ។

លោក សៀង វិរៈបានបញ្ជាក់ថា៖«ដោយសារតែបងប្អូនខ្ញុំមានច្រើននាក់ទើបការចំណាយ របស់គ្រួសារខ្ញុំត្រូវមានដែនកំណត់ រហូតដល់ពេលមួយនោះគឺ ខ្ញុំគ្មានស្បែកជើងពាក់ទៅរៀនតាំងពីថ្នាក់ ទី១ដល់ទី៦ ដូច្នេះហើយ ខ្ញុំត្រូវតែប្រឹងប្រែងធ្វើការដើម្បីផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯង»។

ប្រវត្តិការងារពីអនុវិទ្យាល័យ

លោកសៀង វិរៈ បានចាប់ផ្តើម ការងារស្ម័គ្រចិត្តនៅតាមអង្គការ និងស្ថាប័នរដ្ឋមួយចំនួនតាំងពីលោករៀននៅថ្នាក់ទី៧ ដើម្បីទទួលបាន ការសិក្សានូវជំនាញ និង ភាសាដោយឥតបង់ថ្លៃ។​ដល់ថ្នាក់ទី៩ វិរៈ អាចមានលទ្ធភាពធ្វើជាគ្រូបង្រៀននៅសាលាឯកជនមួយ។​ ពីរឆ្នាំក្រោយមកវិរៈ ក៏បានចាប់ផ្តើមចូលប្រឡូក នៅក្នុងវិស័យការងារ ពោលគឺលោកបានចូលរួមនៅក្នុងអង្គការ​​គាំទ្រកុមារនិងយុវជន ដែលបានបង្រៀនលោក ទាក់ទិនទៅនឹងជំនាញ ក្នុងការផលិតភាពយន្តខ្នាតខ្លីភាពយន្តឯកសារ និងជំនាញផ្នែកសារពត៌មាន តាមរយៈការធ្វើការនៅទីនោះ។

ឆ្លងកាត់ការសរសេរអត្ថបទ និងស្នាដៃផលិតខ្សែភាពយន្តខ្នាតខ្លី ឲ្យក្រុមហ៊ុនជាច្រើនបានធ្វើឲ្យលោក អាចផលិត ភាពយន្តដែលមានចំណងជើងថា អាវ ដែលភាពយន្តនេះ ទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតក្នុងក្រុមហ៊ុនមួយ កាលពីឆ្នាំ ២០១៥កន្លងទៅ និងរឿង «ទូរស័ព្ទ» ទទួលបានជ័យលាភីលេខ១ នៅកម្មវិធីប្រកួតរឿងខ្លីរបស់សាលមហោស្របចតុមុខ ផងដែរ។

ការងារទាំងនោះបានផ្តល់ប្រាក់កម្រៃដល់លោកគួរសមដែរ ដែលពេលខ្លះលោកអាចបានពីរពាន់ដុល្លារ ក្នុងមួយគំរោងឯនោះ។លោកថា ៖ «ប្រាក់កម្រៃទាំងនេះ បានជួយគ្រួសាររបស់ខ្ញុំនិងអាចផ្គត់ផ្គង់ខ្ញុំ និងប្អូនស្រីខ្ញុំពីរនាក់ ទៀតអោយបានសិក្សាក្នុងថ្នាក់ សាកលវិទ្យាល័យថែមទៀត» 

ការបើកអាជីវកម្មដោយខ្លួនឯង

ឈប់ធ្វើជាអ្នកគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅសកលវិទ្យាល័យមួយ លោក វិរៈ ក៏បានងាកមកបើកក្រុមហ៊ុនដោយខ្លួនឯងដែលមានឈ្មោះថា«រំដួល» មានសេវាកម្ម ផ្នែករៀបចំកម្មពិធីបុណ្យនិងអាពាហ៍ពិពាហ៍ និង ផ្នែកផលិតកម្ម ។

លោកបានបញ្ជាក់ពីមូលហេតុថា ៖ «ព្រោះនេះជាគម្រោង ដែលខ្ញុំបានគ្រោងទុកអោយខ្លួនខ្ញុំដើរទៅមុខមួយជំហ៊ានទៀត ហើយខ្ញុំបានជួបដៃគូ ការងារដែលល្អ ដែលខ្ញុំគិតថា អាចធ្វើការជាមួយបាននោះខ្ញុំក៏ធ្វើវាទៅតាមគម្រោងតែម្តង»។

ទើបតែចាប់ផ្តើមនៅឆ្នាំដើម២០១៦នេះ លោកបានទទួលបាន៨គម្រោងទៅហើយ ហើយគម្រោងខ្លះអាចមានតម្លៃទៅដល់១ម៉ឺនដុល្លារឯនោះ។

លោកប្រាប់ពីមូលហេតុ ដែលទទួលបានការគាំទ្រខ្លាំង ថា៖«ដោយ សារតែខ្ញុំមានទំនាក់ទំនងល្អ ជាមួយអតិថិជនពីមុនមកពោលគឺអតិថិជនរបស់យើង ភាគច្រើនសុទ្ធតែជាអ្នក ដែលខ្ញុំធ្លាប់ធ្វើការជាមួយ ពីមុនហើយយើងមានស្នាដៃល្អៗ មួយចំនួន ដែលបានចាក់បញ្ជាំង នៅលើកញ្ចក់ទូរទស្សន៍ ដូចជា វីដេអូពាណិជកម្មរបស់Revlon និង វីដេអូពាណិជ្ជកម្មធនាគារជាតិជាដើម ដែលធ្វើអោយអតិថិជនមានភាពជឿជាក់»

លើសពីនេះទៀត លោកក៏បានបើកជាសាលាឯកជនតូចមួយ ដែលមាន៣សាខា នៅទីក្រុងភ្នំពេញ ដោយយកថ្លៃសិក្សាតិចតួចបំផុត ដើម្បីអោយសិស្សក្រីក្រមានលទ្ធភាពចូលសិក្សា និងបានឆ្លៀតពេលទំនេរ មកបើក កសិដ្ឋានចញ្ចឹមសត្វផ្ទាល់ខ្លួនផងដែរ។

លោក វិរៈបាននិយាយពីកត្តា ដែលធ្វើអោយលោកមានថ្ងៃនេះ គឺដោយសារកត្តាគ្រួសារ ដែលបានអនុញ្ញាតអោយលោកដើរស្វែងយល់ពីសង្គម ហើយកត្តាមួយទៀតនោះគឺ កត្តាដែលលោកបានជួបមិត្តល្អៗ ដែលតែងតែលើកទឹកចិត្តលោកនិងកត្តាសង្គមជុំវិញខ្លួនរបស់លោក ក៏ជាកត្តាមួយ ដែលបានជំរុញអោយលោក មានថ្ងៃនេះផងដែរ។

ជាចុងក្រោយ លោកវិរៈ បានផ្តាំផ្ញើដល់យុវជន ដែលចង់ធ្វើជំនួញថា ៖ «ដំបូង យើងគួរតែសិក្សាពីជំនួញ ដែលយើងចង់ធ្វើអោយបានច្បាស់លាស់និងត្រូវតែមានហិរញ្ញវត្ថុ ដែលរឹងមាំមួយ ហើយយើងត្រូវជ្រើសរើស ដៃគូសហការអោយបានត្រឹមត្រូវជាពិសេស នោះយើងត្រូវតែមានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែរឿងដែលសំខាន់មួយទៀតនោះគឺ យើងត្រូវតែត្រៀមចិត្តប្រឈមមុខនឹងភាពបរាជ័យ ដែលយើងនឹងអាចជួបនៅក្នុងអាជីពជាអ្នកជំនួញ»៕