រាជធានីភ្នំពេញ៖ ការប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ត្រូវបានបិទបញ្ចប់ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ាន របស់កម្ពុជាសម្រាប់ឆ្នាំ២០២២។

សម្ដេចតេជោ ក៏បានថ្លែងក្នុងបណ្ដាញសង្គមថា៖ ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជាដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ជាពិសេសជំរុញសម្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ»៕