រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន ស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩ ។នេះ បន្ទាប់ពីក្រសួងសុខាភិបាលបានប្រើជាផ្លូវការ Rapid Antigen Test COVID-19 កាលពីសប្ដាហ៍កន្លងទៅ ដោយមានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឧករណ៍តេស្តរហ័សសម្រាប់រកមេរោគកូវីដ១៩នេះ នៅសេវាសុខាភិបាលឯកជនស្របច្បាប់នេះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ។
ក្រសួងបានបន្ថែមថា មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព នៅទូទាំងប្រទេស អាចប្រើប្រាស់ Rapid Antigen test_Covid-19 ក្នុងការរកមេរោគកូវីដ១៩ពីអ្នកជំងឺ។
ក្រសួងសុខាភិបាល ក៏បានណែនាំដល់កន្លែងផ្តល់សេវាសុខាភិបាលស្របច្បាប់ មានដូចជាមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរ សម្រាកព្យាបាល និងមន្ទីរសម្ភព ត្រូវគោរពតាមគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ឧបករណ៍នេះ៕