សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យសិស្សថ្នាក់ទី៩និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៅកំលុងខែកញ្ញាឆ្នាំ២០២០ ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិ នឹងត្រូវធ្វើឡើងនៅខែធ្នូឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជនមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំលុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោកដើម្បីត្រៀមចូលរួមការប្រឡង។
សេចក្កីប្រកាសព័ត៌មានបន្តថាក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ៕