សិង្ហបុរី៖ សិង្ហបុរី ហាមគ្រូបង្រៀន មិនឲ្យប្រើកម្មវិធី Zoom ដោយមានក្រុមអ្នកវាយប្រហារ ចូលបង្ហោះរូបអាសអាភាសពេលកំពុងបង្រៀនសិស្សស្រីៗ។

បច្ចេកវិទ្យាវីដេអូ Zoom ដែលត្រូវបានគេពេញនិយមយ៉ាងខ្លាំង ក្នុងកំឡុងពេលរដ្ឋាភិបាលជាច្រើនបានដាក់វិធានការបិទប្រទេស ដើម្បីការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ប៉ុន្តែកម្មវិធីនេះបានប្រឈមមុខនឹងការព្រួយបារម្មណ៍អំពីបញ្ហាសុវត្ថិភាពនិងភាពឯកជន លើកម្មវិធីវីដេអូ Conference របស់ខ្លួន។

របាយការណ៍មួយបាននិយាយថា មានឧប្បត្តិហេតុមួយទាក់ទង នឹងរូបភាពអាសអាភាសដែលលេចឡើងនៅលើកញ្ចក់អេក្រង់ និងមានបុរសមិនស្ពាល់មុខ បានបញ្ចេញយោបល់មិនសមរម្យ ក្នុងអំឡុងពេលផ្សាយមេរៀនភូមិសាស្ត្រ ដល់សិស្សសាលាស្រីៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសឹង្ហបុរី កាលពីថ្ងៃ១១។

មន្រ្តីនៃក្រសួងអប់រំរបស់សឹង្ហបុរី បាននិយាយកាលពីថ្ងៃសុក្រថា “ក្រសួងអប់រំ(សឹង្ហបុរី) កំពុងតែស៊ើបអង្កេតពីការបំពាននេះ ហើយនឹងដាក់របាយការណ៍ប៉ូលីស។ជាវិធានការណ៍បង្ការទុក គ្រូៗរបស់យើង នឹងផ្អាកការប្រើប្រាស់កម្មវិធី Zoomរហូតដល់បញ្ហាសន្តិសុខ ត្រូវបានដោះស្រាយបញ្ចប់”៕