រាជធានីភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ ។

សេចក្ដីសម្រេចនៃការផ្អាកនេះ ត្រូវចាប់អនុវត្តន៍គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

ប្រភេទអាជីវកម្មដែលស្ថិតក្នុងសេចក្ដីនេះ ត្រូវចាត់ទុកថា មានហានិភ័យខ្ពស់នោះ មានដូចជា

  • សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
  • អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ
  • រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា
  • អាជីវកម្មម៉ាស្សា រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ ក៏ផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដោយមិនឲ្យលើសទី១៥នាក់ផងដែរ៕