ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ ដើម្បីគ្រប់គ្រងសំរាមដែលបង្កើតឡើងដោយអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះឱ្យបានល្អ និងដើម្បីចៀសវាងការឆ្លងបន្តទៅអ្នកដទៃ។

តាមរយៈសេចក្ដីជូនដំណឹងដដែល ការរៀបចំនេះគឺ ដើម្បីចៀសវាងការឆ្លងបន្តទៅអ្នកដទៃ ព្រមទាំងងាយស្រួលដល់ប្រតិបត្តិករប្រមូលសំរាម ក្នុងការប្រមូល និងដឹកជញ្ជូននោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

  • ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត
  • ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សម្លាប់មេរោគកូវីដ១៩ នៅលើសំរាមទាំងខាងក្នុង និងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែកលើកពី៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន
  • ត្រូវដាក់សំរាមក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល
  • ត្រូវប្រើប្រាស់ស្បោងសំរាម ដែលមានចំណុះ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបានរយៈពេល៥ថ្ងៃយ៉ាងតិច ដើម្បីជៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។
សូមជម្រាបជូនដែរថា តាមការប្រកាសរបស់ក្រសួងសុខាភិបាលថ្មីៗនេះ មានចំនួនអ្នកដែលកំពុងសម្រាកព្យាបាលកូវីដ កម្រិតស្រាល នៅតាមផ្ទះប្រមាណ ៩០០នាក់ ផងដែរ៕