សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានអាសយដ្ឋាននៅតាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ60ម៉ែត្រ) ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរនេះបានកសាងឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ដោយទទួលបានការឧបត្ថមថវិកាពីក្រុមហ៊ុនអ៊ីអុង (AEON) របស់ប្រទេសជប៉ុន។

គោលបំណងសំខាន់នៃការកសាងសារមន្ទីរនេះគឺដើម្បីថែរក្សា ក៏ដូចជាបង្ហាញជូនដល់សាធារណជនជាតិ និងអន្តរជាតិនូវវត្ថុបុរាណ ដែលបានធ្វើកំណាយឃើញក្នុងពេលសិក្សាស្រាវជ្រាវនៅប្រាសាទបន្ទាយក្តីកាលពីឆ្នាំ២០០០និង២០០១។ បន្ទាប់ពីបានបើកដំណើរការចាប់តាំងពីឆ្នាំ២០០៨មក សារមន្ទីរបានពង្រីកការតាំងពិព័រណ៍សមុច្ច័យជាបន្តបន្ទាប់ ដោយបច្ចុប្បន្នសារមន្ទីរមានពិព័រណ៍សំខាន់ៗដូចជា៖ ពិព័រណ៍វាលកប់សពកោះតាមាស និងព្រៃក្មេង ពិព័រណ៍ប្រាសាទបន្ទាយក្តី ពិព័រណ៍គោកប៉ាទ្រី និងពិព័រណ៍ស្តីអំពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្តាស្ថាប័នអន្តរជាតិក្នុងកិច្ចការគាំពារ និងជួសជុលប្រាសាទនានាក្នុងតំបន់អង្គរ។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បើកជូនសាធារណជនចូលទស្សនាពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច។ ជាពិសេសមិនគិតថ្លៃចំពោះកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជី និងកុមារក្រោមអាយុ១២ឆ្នាំ។ សារមន្ទីរក៏មានមគ្គុទ្ទេសក៍ជំនាញនៅចាំពន្យល់ បកស្រាយជូនភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដោយឥតគិតថ្លៃផងដែរ៕

អត្ថបទនិងរូបភាព ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ