សារព័ត៌មាន The Guardian បានផ្ញើលិខិតមកឯកឧត្តម កុយ គួង ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយសម្តែងនូវការសោកស្តាយចំពោះកំហុសរបស់ខ្លួន និងបង្កឱ្យមានការបារម្ភដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីការចុះផ្សាយអត្ថបទខុសកន្លងមក។

លោកស្រី អេលីសាបែត រីបប៊ែន ដែលមានតួនាទីជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman) បានសរសេរក្នុងលិខិតដោយធានាចំពោះ ឯកឧត្តម កុយ គួង ថា៖ កំហុសឆ្គងត្រូវបានរកឃើញដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian) ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ 

លោកស្រីបញ្ជាក់ថា អត្ថបទនឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។

សូមជម្រាបជូនដែរថា សារព័ត៌មាន The Guardian ធ្លាប់បានចុះផ្សាយខុសពីការពិតដែលថា សម្តេចតេជោ ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានបញ្ជាក់អំពីការកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញផងដែរ ក្រោយពីមានប្រតិកម្មខ្លាំងៗ ពីក្រសួងការបរទេសកម្ពុជា៕