នៅថ្ងៃទី៦ តុលានេះ សារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មខ្លាំងៗ និងសារការទូតពីរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការចេញផ្សាយផ្ទុយពីការពិត និងគ្មានមូលដ្ឋានដោយបានសរសេរកន្លងមកថា សម្តេចតេជោ ហ៊ុន សែន ទទួលបានលិខិតឆ្លងដែនពីប្រទេសស៊ីព្រ

ខ្លឹមសាររបស់សារព័ត៌មាន The Guardian ដែលបានសរសេរពីមុនថា៖ មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ។

ក្រោយមកក៏បានកែសម្រួល នៅថ្ងៃទី៦តុលានេះ ឡើងវិញថា៖ មន្រ្តីនៅក្បែរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ។

សារព័ត៌មាន The Guardian បានបញ្ជាក់នៅទំព័រខាងក្រោមថា៖ អត្ថបទនេះត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ អត្ថបទមុនបាននិយាយដោយមិនត្រឹមត្រូវថា មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ។

កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian៕