រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញក្រោយវិសោធនកម្ម នឹងនៅតែរក្សាទ្វារចំហរសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិ២ ឬច្រើនក្នុងការចូលមកបម្រើជាតិលើកលែងតែតំណាង កំពូលទាំង៤ ជាពិសេសតំណែងនាយករដ្ឋមន្រ្តី។ ការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈការបញ្ចេញមតិ (Comment) មួយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ។

នៅក្នុងខ្លឹមសារ Comment នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «នេះជាផល ប្រយោជន៍យូរអង្វែងរបស់ជាតិ ប្រសិនគេស្រឡាញ់ជាតិពិតប្រាកដ គេមិនខ្លាចលះបង់សញ្ជាតិបរទេសមកបម្រើជាតិ ខ្មែរនៅក្នុងឋានៈជានាយករដ្ឋមន្ត្រី ជាប្រធានរដ្ឋសភាជាប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាធម្មនុញទេ»។

សម្តេចតេជោ បានបន្តថា «រដ្ឋធម្មនុញក្រោយធ្វើវិសោធនកម្ម បានរក្សាទ្វារចំហរសម្រាប់បងប្អូនដែលមានសញ្ជាតិ២ ឬច្រើន មកធ្វើការងារក្រៅពីតំណែងទាំង ៤ខាងលើ ដូចនេះបងប្អូនដែលមានសញ្ជាតិច្រើន គ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែងតែបុគ្គលដែលប្រាថ្នាកាន់តំណែងកំពូលទាំង៤ ពិសេសតំណែងជានាយករដ្ឋមន្ត្រី ដែលគេចង់ បានជាង២០ឆ្នាំមកហើយ តែគេមិនអាចទទួលបានដោយសារក្បាច់ទាត់គេបាក់ជើងខ្លួនឯងនាពេលកន្លងមក ពិសេសប្រើក្បាច់ពិសេស ចុងក្រោយនេះគឺក្បាច់ Good bye prime minister !»។

សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗចំនួន៤ស្ថាប័នរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៕