ខេត្តបាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន មិនដែលមានជំនឿថា អាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបាននោះឡើយ មានតែការចរចាស្វែងរកសន្តិភាព។ សម្តេចតេជោ បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សង្រ្គាមក្តៅគឺនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនេះឯង ហើយអ្វីដែលគួរឱ្យស្តាយនោះគឺសង្រ្គាមសម្លាប់គ្នាឯងរវាងខ្មែរនិងខ្មែរ។

សម្តេចតេជោ បញ្ជាក់ថា៖ សម្ដេច បានចាប់ផ្តើមចរចាស្វែងរកសន្តិភាពតាំងពីឆ្នាំ១៩៨៧មក រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដំណាក់កាលក្រោយពីអ៊ុនតាក់ដកចេញហើយ ក៏នៅតែបន្តមានសង្រ្គាមទៀត។ កម្ពុជា អាចបញ្ចប់សង្រ្គាមទៅបានដោយសារនយោបាយឈ្នះ-ឈ្នះនៅចុងឆ្នាំ១៩៩៨។

បន្ទាប់ពីបញ្ចប់សង្រ្គាមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ហើយ សម្តេចតេជោ បានដាក់ចេញគោលនយោបាយយុទ្ធសាស្រ្តពីរទៀត គឺប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាទីផ្សារនិងតំបន់អភិវឌ្ឍន៍ និងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់សន្តិភាពនិងសហប្រតិបត្តិការ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) ក៏ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។ ដូច្នេះជប៉ុន ចូលរួមចំណែកយ៉ាងខ្លាំងក្នុងដំណើរការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕