ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ក្រុមឧទ្ទាមក្រៅប្រទេសថា ការចូលទៅប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន មិនមែនជាការផ្តល់សញ្ញាសម្រាប់ការចចារឲ្យនោះទេ។ ការឆ្លើយតបច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយពីក្រុមឧទ្ទាមក្រៅច្បាប់បានវិភាគលើកខ្លួនឯងថា សម្តេចមានបំណងចង់ចរចាជាមួយក្រុមរបស់ខ្លួន ទើបចូលទៅក្នុងតាម Zoom បែបនេះ។

យោងតាមសារឆ្លើយតបតាម Facebook របស់សម្តេចផ្ទាល់ បានបញ្ជាក់ថា ការចូល Zoom គឺជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថា កន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។

សាររបស់សម្ដេចតេជោ​៖ ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចចានោះទេ។ អ្វីដែលត្រូវធ្វើ គឺអ្នកមានទោសត្រូវជាប់គុក2/3សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។

សាររបស់សម្ដេចតេជោ ក៏បានបញ្ជាក់ច្បាស់ថា៖ សុំកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការចចាឱយសោះ តែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឱយភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយ ប្រឆាំងជាមួយផលប្រយោជន៍ជាតិ។

សាររបស់សម្ដេចតេជោ បន្តថា៖ សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ .ហ៊ុន សែន នឹងលើកលែងទោសឱយ. ហ៊ុន សែន នឹងបើកការចចាររកដំណោះស្រាយនយោបាយ. ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះនឹងធ្វើឱយអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាចបានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom»