លោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) អតីតនាយករដ្ឋមន្រ្តវៀតណាម ត្រូវបានសភាវៀតណាម បោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីវៀតណាម នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកបានបញ្ចប់តំណែងជានាយករដ្ឋមន្រ្តីប៉ុន្មានថ្ងៃ។ ការបោះឆ្នោតនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី១៤ នៃរដ្ឋសភាវៀតណាម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយសម្តែងការអបអរសាទរជូន លោក ង្វៀង សួនហ៊្វុក ដែលត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម។

សម្តេចតេជោ ហ៊ុន សែន «ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្តសមបំផុតសម្រាប់ ឯកឧត្តម បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនីស្ត និងប្រជាជនវៀតណាមទាំងមូល មកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម»

សម្តេចតេជោ ហ៊ុន សែន មានការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោក ង្វៀង សួនហ៊្វុក សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបន្តទទួលបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធំធេងថែមទៀត ឈានទៅសម្រេចបាននូវគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ និងបន្តបំពេញតួនាទីដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរដ៏ស្មោះជូនចំពោះ លោក ង្វៀង សួនហ៊្វុក ដែលបានថែរក្សាពូនជ្រុំនូវចំណងមិត្តភាពជាប្រពៃណី និងធ្វើឱ្យកាន់តែសំបូរបែបនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជា-វៀតណាម នៅក្នុងអាណត្តិលោកជានាយករដ្ឋមន្រ្តី។

«ខ្ញុំជឿជាក់ថា ទោះបីជាក្នុងពេលបច្ចុប្បន្ននេះ យើងមានតួនាទីផ្សេងគ្នាក៏ដោយ ទំនាក់ទំនងដ៏ជិតស្និទ្ធស្នាលរបស់យើង នឹងនៅតែរឹងមាំ និងបន្តជាកត្តាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានវិសាលភាពធំធេងជាងមុន»

សម្តេចតេជោ ហ៊ុន សែន បានអះអាងនូវការប្តេជ្ញាចិត្តជាមួយនឹងអ្នកបន្តវេនពី លោក ង្វៀន សួនហ៊្វុក ដើម្បីលើកកម្ពស់ភាពជាដៃគូយូរអង្វែង ផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាប ការយោគយល់ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការជម្នះបាននូវបញ្ហាប្រឈមនានា ដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីរួមចំនែកដល់សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់ប្រជាជនប្រទេសទាំងពីរ តំបន់ និងសាកលលោកទាំងមូល៕