រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ដែលបានធ្វើឡើងនៅវិមានសន្តិភាព។
ការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗទៅចាក់វ៉ាក់សាំងនោះ។ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រីក៏បាននាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។ ក្រៅតែពីចៅៗរបស់សម្តេចតេជោ ហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោបានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ប្រទេសអង់គ្លេស ដែលជាជំនួយទ្វេភាគី ដែលនឹងមកដល់នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ។ ចំពោះការរិះគន់ ការចេញទទួល វ៉ាក់សាំង ដែលជាជំនួយ របស់បណ្ដាប្រទេសមួយចំនួនទៀត សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្តេចនឹងចេញទទួលតែជំនួយទ្វេភាគីតែប៉ុណ្ណោះ។
សម្តេចចង់ បានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកុមារ ក្រោមអាយុ១២ឆ្នាំ បន្តទៀត ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំ ចំពោះកុមារ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេស តែត្រូរង់ចាំមានការ អនុម័តឬទទួល ស្គាល់ពីអង្គការសុខភាពិភពលោក(WHO)សិន។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់យោបល់ទៅលោកស្រី ឱ វណ្ណឌីន ឱ្យបញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយ របស់រដ្ឋាភិបាលអាមេរិក ទៅចាក់ជូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅតំបន់ភាគឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ។
ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវអោយឨពុកម្តាយ ដែលមានកូនចៅ ដែលមានអាយុត្រូវចាក់វ៉ាក់សាំងត្រូវនាំកូនចៅមកទទួលវ៉ាក់សាំងកូវីដ-១៩ចាប់ពីថ្ងៃនេះតទៅ និងសូមអោយយុទ្ធនាការនេះទទួលបាននូវភាពជោគជ័យ និងជូនពរអោយប្រជាពលរដ្ឋទាំងអស់បានជៀសផុតពីជំងឺក៏កាចសាហាវនេះ៕