ខេត្តបាត់ដំបង៖ ក្នុងឱកាសដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិ បាត់ដំបង-សិរីសោភ័ណ សម្តេចតេជោ បានបញ្ជាឱ្យទិញវ៉ាក់សាំងចំនួន៥លានដូសបន្ថែមទៀត ខណៈក្នុងឃ្លាំងសល់ប្រមាណ ១០លានដូស ការបញ្ជាទិញនេះ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញ។

បញ្ហានៃជម្ងឺកូវីដ១៩ បំប្លែងថ្មីនៅថ្ងៃម្សិលមិញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ កម្ពុជាបន្តរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ចំនួន៣នាក់បន្ថែមទៀត និងសារសម្លេងរបស់សម្ដេចតេជោ នារសៀលថ្ងៃដដែលបានបង្ហាញថា រកឃើញការឆ្លងវីរុសអូមីក្រុងក្នុងសហគមន៍ ១០នាក់បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបន្តចាក់វ៉ាក់សាំងដូសជំរុញដូសទី៣ និងទី៤ បន្តទៀត និងឲ្យមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសអនុវត្តន៍វិធានការ៣កុំ ៣ការពារអោយបានខ្ចប់ខ្ជួន៕