រាជធានីភ្នំពេញ៖  ថ្លែងក្នុងពិធីប្រគល់រថយន្ដ ជូនវរសេនាតូចនគរបាល ការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ សារធាតុដែលគេអាចយកមកផ្សែផ្សំធ្វើគ្រឿងញៀន បានចូលមកកម្ពុជាដោយស្របច្បាប់ មានរហូតដល់រាប់រយតោន ដែលថ្មីៗនេះរកឃើញជាង ១០០តោន។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានចេញបញ្ជាដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរកមុខឲ្យឃើញ ចំពោះអ្នកនាំសារធាតុញៀនចូលមកកម្ពុជា។

សម្ដេច បានលើកឧទាហរណ៍ នៃការនាំចូលនេះប្រៀបដូចការនាំឡានចូល ដែលម្ដងនាំចូលកង់២ ក្រោយមកចង្កៀង តួរ ហើយក៏បង្កើតបានជាឡានថ្មី១ចឹង។

ប្រសាសន៍សម្ដេចក្រឡាហោម៖ សូមឲ្យក្រសួងដែលជាក្រសួងអាជ្ញាប័ណ្ណ ខ្ញុំនិយាយប៉ុណ្ណឹង មិនបាច់បញ្ចេញឈ្មោះទេ ខ្ញុំនិយាយប៉ុណ្ណឹងដឹងហើយ ។ សូមឯកឧត្តមរដ្ឋមន្ដ្រី មើលរឿងហ្នឹង បើមិនចឹងទេ? ឯកឧត្តម ជាប់ជំពាក់ទទួលខុសត្រូវ ចំពោះសង្គមកម្ពុជា ទាក់ទងការបំផ្លាញសុខភាពសាធារណៈ ហើយអាជ្ញាធរគ្រឿងញៀន ត្រូវពិនិត្យរឿងឲ្យច្បាស់លាស់។

សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ពេលខ្លះយកលេសថា នាំចូលមកដើម្បីយកធ្វើជី ឬធ្វើថ្នាំ តែផ្ទុយទៅវិញផលិតគ្រឿងញៀន។

សម្ដេចក៏បានណែនាំដល់ក្រសួងចេញអាជ្ញាប័ណ្ណថា ត្រូវចែកព័ត៌មានទៅវិញទៅក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាល និងអាជ្ញាធរគ្រឿងញៀន ឲ្យបានដឹងផង តើសារធាតុញៀនទាំងនោះ ចរាចរណ៍ដល់ណាខ្លះ ធ្វើអ្វីឲ្យពិតប្រាកដ។