រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ មន្ត្រីប៉ូលិសដែលជាប់ក្នុងការប្រឡង ឬបន្ទាប់ពីការសម្ភាសន៍ត្រូវធ្វើការរៀនសូត្រមុខវិជ្ជាមូលដ្ឋានសម្រាប់នគរបាលជាតិ ដែលមានរយៈពេល៤ខែ។ 

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ ទី២ និងទី៣ នាព្រឹកទី ២៥ មករា  ២០២២នេះ។

សម្តេចក្រឡាហោម បន្ថែមថា កាលពីពេលកន្លងទៅការសិក្សារៀនសូត្រត្រូវមានរយៈពេល២ខែកន្លះ ហើយមកដល់ពេលនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ គឺបន្ថែមឱ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាពលើផែនការរយៈពេលមធ្យមបង្កើនដល់៦ខែ ហើយផែនការរយៈពេលវែងអាចឈានទៅដល់៨ខែ។

សម្តេចក្រឡាហោម មានប្រសាសន៍លើកឡើងថា ការទទួលបានវគ្គបណ្តុះបណ្តាលជំនាញនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញ ដល់មន្ត្រីនគរបាលជាតិក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ ក្រសួងមហាផ្ទៃក៏នឹងខិតខំបន្ថែមទៀតដើម្បីបញ្ជូនមន្ត្រីនគរបាលជាតិឱ្យទៅសិក្សា ព្រមទាំងដកស្រង់បទពិសោធន៍នៅបណ្តាប្រទេសនានាដែលជាមិត្តផងដែរ។

ប្រសាសន៍សម្ដេច៖ ក្រសួងមហាផ្ទៃត្រូវពង្រឹងគុណភាពដល់មន្ត្រីដែលមានស្រាប់ និងមន្ត្រីដែលជ្រើសរើសបន្ថែម មន្ត្រីទាំងអស់ត្រូវតែជានគរបាលជាតិដែលមានសមត្ថភាពពេញលេញ មានសុខភាពល្អប្រសើរ មានឆន្ទៈ មានទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈច្បាស់លាស់៕