រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា សម្ដេចបានស្នើទៅសម្ដេចតេជោ សុំដកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃមួយរូបថ្មីៗនេះ ដោយសារតែមានប្រភពច្បាស់ការថា បានសន្យាផ្តល់ក្របខណ្ឌមន្ត្រី ជាថ្នូរនឹងការយកលុយមុន២ទៅ៣ម៉ឺនដុល្លារ។ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង៖ មន្ដ្រីត្រូវពិន័យ ថ្នាក់អនុរដ្ឋលេខាធិការ ខ្ញុំស្នើទៅ សម្ដេចតេជោដកគឺដកចេញ ដើរសន្យាគេតែម្ដង ខ្ញុំមិនហែកកេរ្តិ៍ទេ អាហ្នឹងត្រូវអារកាត់ធ្វើ បើមិនចឹងទេ ដើរសន្យាលក់ក្របខណ្ឌ អាហ្នឹងអត់បានទេ។ យើងកំពុងធ្វើកំណែទម្រង់នគរបាល ដើម្បីឈានទៅដល់មានគុណភាព ប្រសិទ្ធិភាព ដើម្បីបម្រើប្រជាពលរដ្ឋ។

សូមជម្រាបដែរថា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ជា ប៊ុនហេង ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ  កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ៕