រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ថាអាស៊ាន បានសាងកំហុសចំនួនពីរ ក្នុងការដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា។ នេះបើតាមការផ្សាយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

កំហុសចំនួនពីរ ដែលសម្ដេចតេជោ បានលើកឡើងក្នុងអង្គប្រជុំគណរដ្ឋមន្រ្តី នោះគឺទី១៖ អាស៊ានបានដាក់លក្ខខណ្ឌជាមុន ដើម្បីបញ្ជូនតំណាងរបស់ខ្លួនទៅធ្វើការជាមួយរដ្ឋអំណាចមីយ៉ាន់ម៉ា និងទី២៖ នៅពេលអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាន សំបុត្រអញ្ជើញមិនបានផ្ញើទៅឱ្យប្រមុខរដ្ឋមីយ៉ា់ន់ម៉ាផ្ទាល់ទេ តែផ្ញើទៅឱ្យអគ្គលេខាធិការក្រសួងការបរទេសមីយ៉ាន់ម៉ា ទៅវិញ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានដកស្រង់ខ្លឹមសារទៀតថា៖ ពាក្យថាអាស៊ាន គឺមាន១០។ បើយើងទទួលអាស៊ាន៩ ថ្ងៃក្រោយនឹងមានអាស៊ាន៨ រួច៧ ជាបន្តបន្ទាប់ ដោយហេតុថា ការអញ្ជើញប្រជុំកំពូលអាស៊ាន គឺជាសិទ្ធិសម្រេចរបស់ប្រធានប្រចាំឆ្នាំ មិនមែនមានយន្តការពិនិត្យសុពលភាពដូចអង្គការសហប្រជាជាតិនោះទេ។ ហេតុនេះ បើប្រធានមិនចូលចិត្តប្រទេសណាគាត់មិនអញ្ជើញពិតជាបាន

សូមជម្រាបជូនដែរថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ខាងមុខ៕