រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវ​នាវ​ដល់ម្ចាស់ផ្ទះជួល ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ យោគយល់​ចំពោះ​ការលំបាករបស់កម្មករ កម្មការិនីនៅតំបន់បិទខ្ទប់ (តំបន់ក្រហម) ដែលកំពុងប្រឈម​នឹងការរីករាលដានៃជំងឺកូវីដ-១៩ ខណៈដែលពួកគេមិនទាន់បានបើកប្រាក់ខែ ពីថៅកែ​រោងចក្រនិងកំពុងជួបបញ្ហាលំបាកនោះ។

ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ជាពិសេសម្សិល​មិញនេះ គឺមានការទាមទារយកប្រាក់ថ្លៃឈ្នួលផ្ទះពីកម្មករ កម្មការិនីរបស់យើង ក្នុងពេល​ដែល​កម្មករ កម្មការិនីរបស់យើង មិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតនៅក្នុងតំបន់​បិទខ្ទប់​នៅឡើយគឺនៅតំបន់ក្រហម។ 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ក្នុងស្ថានភាពបែបនេះ ខ្ញុំសុំអង្វរករចំពោះម្ចាស់ផ្ទះ​ជួលទាំង​អស់ សូមមេត្តាយោគយល់ដល់ការលំបាករបស់កម្មករ កម្មការិនីរបស់យើង ក្នុងពេលវេលា​មួយ​ដែលយើងទាំងអស់គ្នាសុទ្ធតែមានជួបការលំបាក។ 

សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា សម្រាប់ថ្លែទឹក ថ្លៃភ្លើង ក៏សូមស្នើឱ្យ​អាជ្ញាធរ​អគ្គិសនី ក៏ដូចជាក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជា រដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ ផ្ដោត​ការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករជាមុន។ ដែលអាចរកដំណោះ​ស្រាយ​ណាមួយ ដើម្បីឱ្យកម្មករកម្មការិនីរបស់យើងដែលរស់នៅតាមផ្ទះឈ្នួលនេះ គឺបាន​ទទួលនូវការអនុគ្រោះនៅក្នុងការយកថ្លៃទឹក ថ្លៃភ្លើង ដែលជាការរួមចំណែកជាមួយនឹង​ម្ចាស់​ផ្ទះជួល ដើម្បីនឹងដោះស្រាយបញ្ហារួមរបស់កម្មករកម្មការិនីរបស់យើង៕