នៅវិមានសន្តិភាពនា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ នឹងជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ាង យី (Wang Yi)

ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន។

ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង យី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បានឯកឧត្តមក៏បានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់ប្រជាជនចិនជូនចំពោះសម្ដេចតេជោថែមទាំងបានជូនពរសម្ដេចតេជោឲ្យទទួលបាននូវសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខបន្តទៀត។

ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍បន្តទៀតថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសចិនកាលពីអំឡុងខែកុម្ភះកន្លងទៅនេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ល្អរបស់សម្ដេចតេជោចំពោះប្រជាជនចិន និងរដ្ឋាភិបាលចិន។ លើសពីនោះទៅទៀត បានបង្ហាញនូវភាពស្និទ្ធស្នាលមិត្តភាពដ៏រឹងមាំនៃទំនាក់ទំនងនិងការយកចិត្តទុកដាក់រវាងកម្ពុជា និងចិនផងដែរ។ ឯកឧត្តមបានបញ្ជាក់ថានេះគឺជាសណ្តានទឹកចិត្តមួយរបស់សម្ដេចតេជោមិនត្រឹមតែចំពោះប្រជាជនចិនប៉ុណ្ណោះទេ គឺចំពោះប្រជាជនទូទាំងពិភពលោកតែម្ដងជាក់ស្តែង កន្លងមកដូចជាការទទួលប្រជាជនជាប់នៅនាវា Westerdam ដែលឆ្លុះបញ្ចាំងសន្ដានចិត្តមនុស្សធម៌របស់សម្ដេចតេជោដែលនៅពេលនោះអន្តរជាតិទាំងមូលបានទទួលស្គាល់ថាព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដ៏តូចមួយតែមានបេះដូងធំ។ 

ឯកឧត្តមបានមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការនេះបានឈានទៅដល់ការយល់ព្រមពីភាគីទាំងពីរថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំ ធ្វើយ៉ាងណាឲ្យកម្ពុជារក្សាបាននូវអធិបតេយ្យភាពថ្លៃថ្នូររបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនិង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី និងប្រជាជនចិន ដែលសួរសុខទុក្ខចំពោះសម្ដេចផ្ទាល់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះការវាយតម្លៃខ្ពស់ នៃទំនាក់ទំនងរវាងកម្ពុជា និងចិន។ សម្ដេចតេជោក៏បានអបអរសាទរចំពោះមិត្តចិនដែលទទួលបាននូវភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺ covid-19។ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសចិនមានប្រជាជន ជាង 1000 លាននាក់ប៉ុន្តែអ្នកដែលទទួលរងនូវជំងឺនេះមានភាគរយតិចបំផុត បើប្រៀបធៀបទៅនឹងប្រទេសដទៃ ក្នុងន័យនេះប្រទេសចិនគឺមានសមត្ថភាពគ្រប់គ្រាន់នឹងបានទប់ស្កាត់ជំងឺកូវី-19 បានជោគជ័យ។ 

ជាទីបញ្ចប់សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្ដល់ជំនួយដល់កម្ពុជាការចុះហត្ថលេខានៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់​ សម្ដេចតេជោក៏បានបញ្ជាក់ថា EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនគឺនៅជារៀងរហូត៕