រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះសម្ដេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩”។

ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដ ទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ ការងារនេះគឺ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិនិងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។

ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាព ក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បើតាមទំព័រហ្វេសប៊ុកសម្ដេចតេជោ បានលើកឡើងថា៖  

៉ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុតគឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នា ដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ ៉

ក្នុងទំព័រហ្វេសប៊ុកសម្ដេចតេជោ បញ្ជាក់ទៀតថា សម្ដេចនឹងចាត់វិធានការណ៍ក្តៅ ហើយនឹងមិនមានការលើកលែងឡើយប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង៕