រាជធានីភ្នំពេញ៖  សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ការ​អប​អរ​សាទរ​ទៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ក្រោយ​ពី​យាន​អវកាស​«ស៊ូរ៉ុង»​ បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ភព​ព្រះ​អង្គារ។ យាន​អវកាស​«ស៊ូរ៉ុង» បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ភព​ព្រះ​អង្គារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ នៅ​ក្នុង​បេសកកម្ម​​ «ធានវិន-១»។

សម្ដេចតេជោ ហ៊ុន សែន បាន​បង្ហាញ​ការ​អបអរ​សាទរ​យ៉ាងស្មោះស្ម័គ្រ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​សម្ដេច​ផ្ញើ​ទៅ​កាន់​​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នាថ្ងៃ១៨ឧសភា។

ក្នុង​លិខិត​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចាត់​ទុក​​បេសកកម្ម​នេះ​ថា៖ «​នេះជាសមិទ្ធផល​ដ៏​ធំ​ធេង​មួយ​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ក្នុង​កម្មវិធី​អវកាស និង​ការ​រុក​រក​ក្នុង​លំហរ​អាកាស​របស់​ចិន»។

 «ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា សមិទ្ធផល​ដ៏​ធំ​ធេង​នេះ នឹង​ចូលរួម​ចំណែក​ដ៏​ធំ​ធេង​ដល់​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ នៃ​បេសកកម្ម​ក្នុង​លំហ​អាកាស​របស់​ចិន ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ និង​ការ​រុក​រក​វិទ្យាសាស្ត្រ​របស់​មនុស្ស​ជាតិ​ទាំង​មូល»៕