រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មាន ១០០,០០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលកម្ពុជាសម្រេចបាននូវភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយទទួលបានលទ្ធផលល្អប្រសើរ។ 

នៅថ្ងៃនេះ សម្ដេចតេជោ ក៏បានឲ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជា សហការជាមួយភាគីថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះតម្រូវការចាក់វ៉ាក់សំាង កូវីដ-១៩ មិនតម្រូវឱ្យមានការបញ្ជាក់អាជ្ញាធរមូលដ្ឋានណាមួយឡើយ គឺប្រជាពលរដ្ឋអាចចាក់បានតែម្តង ដោយចាក់នៅកន្លែងណាក៏បានដែរ ឱ្យតែមានកន្លែងចាក់។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ បានសម្រេចអនុញ្ញាត ឲ្យអ្នកធុរកិច្ចរបស់កម្ពុជា ដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកកម្ពុជាវិញ អាចធ្វើចត្តាឡីស័កនៅតាមផ្ទះបាន ដោយចាប់អនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ 

សម្តេចតេជោបញ្ជាក់ថា អ្នកធ្វើធុរកិច្ចខ្មែរយើងមកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅសណ្ឋាគារនាំតែពិបាកទេ អ្នកដែលមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះ អាចធ្វើទៅបានដោយមិនចាំបាច់សុំច្បាប់សម្តេចនោះទេ ហើយអ្នកធុរកិច្ចតម្រូវឲ្យធ្វើចត្តាឡីស័កតែ៣ថ្ងៃទេ គិតទាំងអ្នកធុរកិច្ចទាំងក្នុងស្រុក និងមកពីក្រៅ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងសិក្សាលទ្ធភាព ក្នុងការចាក់វ៉ាកសាំងដល់កុមារក្រោមអាយុ៥ឆ្នាំ ដែលសិក្សានៅថ្នាក់មតេយ្យ ។ ក្នុងនោះ សម្តេចតេជោបានថ្លែងថា ក្នុងករណីចាក់វ៉ាក់សាំងដូសទី៤ ម្ចាស់ក្រុមហ៊ុនក៏អាចជ្រើសរើសទិញវ៉ាក់សាំងណាក៏បានសម្រាប់ចាក់ឱ្យបុគ្គលិកខ្លួន៕SPM