រាជធានីភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី​ បានចេញសារផ្សាយពីយុទ្ធនាការចាក់វ៉ាកសាំងទ្រង់ទ្រាយធំ នៅតាមបណ្ដាខេត្ត ទូទាំងប្រទេស ដោយរំពឹងថានឹងអាចចាក់បាន ១លានដូសក្នុង១ខែ និងអាចលើសពីនេះ ដល់ប្រជាជន។

ប្រសាសន៍សម្ដេចតេជោ បានណែនាំដល់រដ្ឋបាលរាជធានីខេត្ត ជាអ្នកទទួលបន្ទុកលើកន្លែងស្នាក់នៅ របស់ក្រុមគ្រូពេទ្យដែលស្ម័គ្រចិត្ត ដែលទៅពីទីក្រុងភ្នំពេញ។ សម្រាប់ថ្នាក់ជាតិ នឹងត្រូវចំណាយលើការធ្វើដំណើរនិងម្ហូបអាហារ។

សម្ដេចតេជោក៏រំពឹងថា ម្ចាស់សណ្ឋាគារ​ ផ្ទះសំណាក់នៅគ្រប់ទីកន្លែង នឹងមានកិច្ចសហការក្នុងស្ថានភាពមនុស្សធម៌បែបនេះ សម្រាប់ក្រុមគ្រូពេទ្យរបស់យើង​ដែលត្រូវទៅជួយដល់ប្រជាជន។

សម្ដេចក៏បានណែនាំឲ្យ មានការចូលរួមពីគ្រូពេទ្យរដ្ឋនិងឯកជនបន្ថែមនៅមូលដ្ឋាន រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលទៅពីថ្នាក់ជាតិ និងមិនឲ្យប៉ះពាល់ដល់ដំណើរការប្រចាំថ្ងៃនៅតាមមន្ទីរពេទ្យរដ្ឋ៕