សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថា ជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការការពារអធិបតេយ្យភាព និង ថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបាននូវការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និងកំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រជាជាតិដទៃនៅក្នុងតំបន់ និងសកលលោក។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ នៅក្នុងសេចក្ដីថ្លែងការណ៍ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

សម្ដេចតេជោបានបន្តថ្លែងថា ប្រមាណជាង ៤០ ឆ្នាំមុន កម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជាជាង ២ លាននាក់ បានបាត់បង់ជីវិតនៅក្នុងដៃរបបដ៏ព្រៃផ្សៃនេះ។ អ្នករស់រានមានជីវិតទាំងបាក់ស្បាត និង សល់តែបាតដៃទទេ គឺជាអ្នកដែលស្ដារប្រទេសជាតិពីគំនរផេះផង់ ។ អ្វីដែលគួរឱ្យហួសចិត្ត គឺអ្នកដែលរស់រានមានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ ដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហម កាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ។ 

សម្ដេចតេជោថ្លែងបន្តថា គួរឱ្យសោកស្ដាយដែលជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និង របៀបវារៈឱកាសនិយមលាក់ពុតរបស់ប្រទេសមួយចំនួន កម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទ្វេដែលប្រកបដោយល្បិចកល និង ការសម្រេចចិត្តដែលមានភាពលម្អៀង និង មានចេតនានយោបាយ ពោលគឺភាពអយុត្តិធម៌។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា ពិភពលោកកំពុងជួបបញ្ហា ប្រជាជនកំពុងរងទុក្ខវេទនា ហើយភពផែនដីកំពុងតែរងគ្រោះ។ បញ្ហាប្រឈមធំៗ គឺស្ថិតនៅចំពីមុខយើងទាំងអស់គ្នា ហើយមានប្រទេសខ្លះបាននិង កំពុងគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ៕