ក្រុងតាខ្មៅ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាក់វ៉ាក់សាំងដូសជំរុញ ដែលជាដូសទី៤ ដើម្បីការពារជំងឺកូវីដ១៩ រួចរាល់ហើយនៅភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ បានបង្ហោះសារខ្លីមួយតាមបណ្ដាញសង្គមថា៖ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារនិង៣កុំនោះទេ។ ខ្ញុំមានកម្លាំងការពារយ៉ាង រឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិឃុំយើង និងជាតិយើង។

ប្រសាសន៍សម្ដេចតេជោ៖ សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់ វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទាំងដូស មូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួន យើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង៕