ក្នុងសារសំឡេងពិសេសរបស់នារសៀលថ្ងៃទី៦ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ឲ្យរៀបចំដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កបាន៧ថ្ងៃហើយនៅតាមខេត្តជាប់ព្រំដែន មកខេត្តខាងក្នុងខណៈដែលពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនមានប្រមាណ១ម៉ឺននាក់ និងអាចមានជាបន្តបន្ទាប់។

ការរៀបចំដឹកជញ្ជូនមកខេត្តខាងក្នុងនេះ គឺដើម្បីជួយសម្រួល និងកាត់បន្ថយការកកស្ទះទីតាំងធ្វើចត្តាឡីស័កនៅព្រំដែន និងយកកន្លែងទំនេរសម្រាប់ទទួលពលករ ដែលនឹងអាចមកជាបន្តបន្ទាប់។ នេះបើតាមសារសំឡេងរបស់សម្ដេចតេជោ។

សម្ដេចតេជោ ក៏បានបញ្ជាឲ្យរាជធានីខេត្តធ្វើកិច្ចការពីរជាបន្ទាន់ ដោយរៀបចំបន្ថែមទីកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ដើម្បីទទួលយកបងប្អូនដែលត្រូវមកពីប្រទសថៃ។ និងឲ្យកងអង្គភាពដឹកជញ្ជូន ប្រមាណ២០០គ្រឿង ដឹកជញ្ជូនបងប្អូនពលករដែលបានធ្វើចត្តាឡីស័ក ៧ថ្ងៃរួចហើយ ដឹកចូលមកកាន់ខេត្តខាងក្នុង ដើម្បីឲ្យបន្តធ្វើចត្តាឡីស័ក។ 

កន្លងមកនេះ កម្ពុជាបានបិទខ្ទប់ខេត្តចំនួន៨ រួមទាំងខេត្តសៀមរាប ដែលនៅជាប់ព្រំដែនប្រទេសថៃ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្ដាក់ការឆ្លងរាលដាលនៃជំងឺកូវីដ បំប្លែងថ្មី ដែលកំពុងរាលដាលខ្លាំងនៅតាមព្រំដែនថៃ។

សម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា យើងមិនមានបំណងអូសបន្លាយពេលពន្យានៃការបិទខ្ទប់នោះទេ។ យើងមានបំណងបើកព្រំដែនឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន