មានវីដេអូប្រមាណជា ២នាទី បង្ហាញពីសកម្មភាពមន្រ្តីរបស់ក្រសួងកសិកម្ម បានចុះចាប់សាច់ពពែដែលពលរដ្ឋបានកាប់ដើម្បីធ្វើអាជីវកម្ម។ វីដេអូខ្លីនេះ បានជ្រាបដល់សម្ដេចតេជោ នាយករដ្ឋមន្រ្តី។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី​ បានបង្ហោះសារតាមបណ្ដាញសង្គមថា៖ តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

សាររបស់សម្ដេចតេជោ បន្ត៖ យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។

ហេតុការនេះ សម្ដេចតេជោ ក៏បានឲ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវពីទីកន្លែងកើតហេតុ ដោយត្រូវបកស្រាយក្នុងបណ្ដាញសង្គមតែម្ដង។

សម្ដេចតេជោ៖ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ។

ការបកស្រាយរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វ៉េង សាខុន៖ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា​៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពង់បំផុតពីខ្ញុំបាទ៕

ឯកឧត្តមបណ្ឌិត គិន ភា មន្រ្តីរាជបណ្ឌិត្យសភា ក៏មានយោបល់លើបញ្ហានេះដែរថា៖ ជួនកាលខ្លឹមសារច្បាប់យើងបកស្រាយមានន័យមិនច្បាស់។ ចិញ្ចឹមនិងសម្លាប់សត្វដើម្បីផ្គត់ផ្គង់គ្រួសារ មិនខុសច្បាប់, ចុះបើកាប់គោមួយ ឬពពែមួយ ហូបខ្លះ លក់ខ្លះ (ព្រោះគោមួយឬពពែមួយ ហូបមិនអស់ លក់ខ្លះ) តើអាចចាត់ទុកថា ជាគោលបណងអាជីវកម្មដែរឬទេ? នេះហើយដែលថ្នាក់ក្រោមបកស្រាយយកតាមហ្នឹង!