រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោមបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាប្រទេសរងគ្រោះដោយសារគ្រឿងញៀន និងជាទីតាំងដែលឆ្លងកាត់របស់ជនល្មើសប៉ុណ្ណោះ មិនមែនជាប្រទេសដែលផលិតគ្រឿងញៀននោះទេ។ នេះបើយោងតាមសុន្ទរកថារបស់ សម្ដេចក្រឡាហោម សខេង ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្ដីពីការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC លើកទី១៤តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២០។

តាមការស្រាវជ្រាវជំនាញនិងផ្អែកតាមបទពិសោធន៍កន្លងមកបង្ហាញថា អនុតំបន់ទន្លេមេគង្គ ជាពិសេសតំបន់ត្រីកោណមាសនៅតែជាចំនុចកណ្ដាលនៃការផលិត និងចរាចរគ្រឿងញៀនខុសច្បាប់ រួមទាំងប្រភេទគ្រឿងញៀនសំយោគសម្រាប់ឧក្រិដ្ឋជនបន្តចែកចាយនៅក្នុងតំបន់ និងពិភពលោក។

សកម្មភាពនេះ បាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដែលយើងត្រូវតែមានវិធានការជាក់ស្ដែងបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យដ៏គ្រោះថ្នាក់នេះ។

សូមជម្រាបជូនដែរថា ក្នុងរយៈពេល០៩ ខែដើមឆ្នាំ២០២០នេះ កម្លាំងមានសមត្ថកិច្ចរបស់កម្ពុជាបានបង្គ្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានប្រមាណជាង១ម៉ឺន៣ពាន់នាក់ ដែលក្នុងនោះ ករណីមួយចំនួនធំត្រូវបាននាំចូលមកកម្ពុជាតាមព្រំដែនគោក។

កិច្ចប្រជុំ AMMTC លើកទី១៤តាមប្រព័ន្ធវីដេអូនេះ មាន​ឯកឧត្តម តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាននិងជាប្រធានអង្គប្រជុំ AMMTC វៀតណាម និងការចូលរួមពីអគ្គលេខាធិការអាស៊ានរដ្ឋមន្រ្តី តំណាងរដ្ឋមន្រ្តី មន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕