រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានផ្តល់ថវិកាលើកទឹកចិត្ត ដល់កងកម្លាំងសមត្ថកិច្ច ដែលការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ដល់កងកម្លាំងនគរបាលជាតិចំនួន ១ ២៤៤ នាក់ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។
ក្នុងលិខិតផ្ញើទៅកាន់ អគ្គស្នងការគរបាលជាតិ នៅល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ សម្ដេច ស ខេង បានសរសេរថា ដោយការឧបត្ថម្ភនូវថវិកាចំនួន ៣៤៨ ៣២០ ០០០ រៀល ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១ ២៤៤ នាក់ ដែលកំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
សម្ដេចបានបញ្ជាក់ថា៖ «សូមឯកឧត្តមនាយឧត្តមសេនីយ៍ ចាត់ចែងថវិកានេះជូនដល់បងប្អូនកងកម្លាំងដោយក្នុង ១ នាក់ទទួលបានថវិកាចំនួន ២៩ ម៉ឺនរៀល»។