រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ២៥ គីឡូក្រាម នៅរាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែវច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង២០:៣០នាទី ។
កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០)ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅ២គោលដៅផ្សេងគ្នា៖ គោលដៅទី១: នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក(ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២: ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបាន
ក- ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ :
- ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិ ខ្មែរ។
- ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B
- ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ វៀតណាម។
ខ- ចាប់យកវត្ថុតាង :
- អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ២៤ គ.ក្រ ០៤២ក្រាម។
- កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១១៨.៣៩ក្រាម។
- កាទីណូន(4CEC) ទម្ងន់សុទ្ធ ១៧០.៥១ ក្រាម។
សរុប សារធាតុញៀន ទម្ងន់សុទ្ធ ២៤ គ.ក្រ ៣៣០.៩០ក្រាម សារធាតុផ្សំ ១ គ.ក្រ ០១០.១១ ក្រាម ។ ជញ្ជីងថ្លឹង ៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕