រាជធានីភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុនផ្ដល់មកកម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដូចការគ្រោងទុកហើយនៅយប់ទី ២៣កក្កដានេះ ដែលជាជំហានដំបូងប្រមាណ ៣៣០០០០ដូស។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ដែលបានរៀបចំធ្វើឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះផងដែរ។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។
នៅក្នុងលិខិតនេះ ឯកឧត្តម ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនបានមានប្រសាសន៍ថា ខ្ញុំសង្ឃឹមថាជំនួយលើកនេះ នឹងរួមចំណែកជួយដល់វិធានការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយលើកទឹកចិត្តប្រជាជនកម្ពុជាដែលជាមិត្តដ៏សំខាន់របស់ប្រជាជនជប៉ុន។
កាលថ្ងៃទី១៣ ខែកក្កដា ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសថា រដ្ឋាភិបាលសម្រេចផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ AstraZeneca ចំនួន ១លានដូសមកដល់កម្ពុជាតាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក ដើម្បីចូលរួមប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩៕SMP