រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមន្ទីរពេទ្យទាំងអស់ ផ្អាកការចាក់វ៉ាក់សាំង Astra Zeneca នេះដល់អ្នកដែលមានអាយុក្រោម៦០ឆ្នាំជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពក្នុងការចាក់វ៉ាក់សាំង ដល់មនុស្សចាស់ ចាប់ពីអាយុចាប់ពី៦០ឆ្នាំឡើង។
សម្តេចតេជោ ហ៊ុន សែន បានឲ្យលោកជំទាវ ឱ វណ្ណឌីន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ។
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ៖ «ខ្ញុំសូមឱ្យគ្រប់មន្ទីរពេទ្យ ដែលកំពុងដំណើរការចាក់វ៉ាក់សាំង គឺមិនបន្តចាក់វ៉ាក់សាំង Astra Zeneca ជូនអ្នកដែលមិនដល់អាយុ៦០ឆ្នាំ វៀលែងតែមានការអនុញ្ញាតរួចហើយ»។
សម្តេចតេជោបានបន្តថា កន្លងទៅឱ្យតែមានមនុស្សចូលទៅ ក្រុមគ្រូពេទ្យបានផ្តល់ដោយមិនបានគិតដល់គោលនយោបាយវ៉ាក់សាំងរបស់កម្ពុជា ដែលបានបែងចែកឱ្យ ស៊ីណូហ្វាមចាក់សម្រាប់អ្នកមានអាយុពី១៨ ដល់៥៩ឆ្នាំ និង Astra Zeneca ចាក់ពី៦០ឆ្នាំឡើងលើ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកទាំងនោះទទួលវ៉ាក់សាំងដូសទី១ហើយ ត្រូវបន្តអនុញ្ញាតឱ្យគាត់ទទួលបានដូសទី២ បន្តទៀតផងដែរ៕
សូមបញ្ជាក់ថា វ៉ាក់សាំង Astra Zeneca ដែលផ្ដល់មកដល់កម្ពុជាតាមយន្តការកូវ៉ាក់ មានជាង៣២ម៉ឺនដូស គឺនៅសល់ចំនួន១១១៤០០ដូស ដែលអាចចាក់បានសម្រាប់ប្រជាជនចំនួន ៥៥៧០០នាក់៕
រូបភាពសម្ដេចតេជោ ក្នុងថ្ងៃចាក់វ៉ាក់សាំង ១០កុម្ភៈ ២០២១ (SPM)