វៀតណាម សង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរបរទេស ពី១៧ទៅ ២០ លាននាក់ នៅត្រឹមឆ្នាំ២០២០ និងផ្ដល់ចំណូល ៣៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលរួមចំណែក 10 ភាគរយ ចំពោះផលិតផលក្នុងស្រុកសរុប។

រដ្ឋាភិបាលវៀតណាម បានអនុម័តការ ពន្យារពេលពីរឆ្នាំបន្តទៀតនៃកម្មវិធីផ្ដល់ ទិដ្ឋាការអេឡិចត្រូនិកសាកល្បង (e-visa) សម្រាប់ជនបរទេស ដែលចូលមកលេងប្រទេសនេះ។

គោលនយោបាយនេះ banអនុញ្ញាតឱ្យជនបរទេស ដាក់ពាក្យសុំទិដ្ឋាការអេឡិចត្រូនិក មកលេងវៀតណាមបាន រយៈពេល ៣០ថ្ងៃ ដោយបង់ប្រាក់ ២៥ដុល្លារ តាមអ៊ីនធឺណិត។

វៀតណាមសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរបរទេសពី ១៧ទៅ ២០ លាននាក់ នៅត្រឹមឆ្នាំ ២០២០ និងផ្ដល់ចំណូល ៣៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលរួមចំណែក ១០ភាគរយ ចំពោះផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ បើប្រៀបធៀបទៅនឹង ៧,៥ ភាគរយកាលពីឆ្នាំមុន បន្ទាប់ពីការផ្លាស់ប្តូរ គោលនយោបាយទេសចរណ៍។

កាលពីឆ្នាំមុន មានអ្នកមកទស្សនាក្នុងប្រទេសវៀតណាមចំនួន ១៥,៤ លាននាក់ មានការកើនឡើង ២០% ពីឆ្នាំ ២០១៧ ។ អង្គការទេសចរណ៍ពិភពលោក បានចាត់ទុកកំណើនទេសចរណ៍វៀតណាមដែលមានកម្រិតខ្ពស់បំផុតទីបួន នៅលើពិភពលោក។

ថ្មីនេះៗ វៀតណាម បានដាក់បន្ថែមគោលដៅ វីសាអេឡិចត្រូនិច ៣៥ប្រទេសបន្ថែមទៀត មានគោលបំណង ទាក់ទាញភ្ញៀវទេសចរ មកពីអឺរ៉ុប ដែលចំណាយជាមធ្យម​ ១,៣១៦ ដុល្លារក្នុងមួយជើងនេះបើតាមរដ្ឋបាលទេសចរណ៍ជាតិវៀតណាម៕

រូបភាពពី TopsVietnam