វ៉ាក់សាំងការពារកូវីដ១៩ ត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់ការពារភាពងាយឆ្លងនៃជំងឺនេះ មិនថាតែក្នុងប្រទេសកម្ពុជា វ៉ាក់សាំងត្រូវបានធ្វើពិសោធន៍ជាច្រើនខែ និងច្រើនដំណាក់កាល មុននឹងប្រទេសក្នុងពិភពលោក សម្រេចក្នុងការប្រើប្រាស់ការចាក់ដល់ប្រជាជនរបស់ខ្លួន។

ក្នុងអំឡុងពេលនៃការរីករាលវីរុសផ្លូវដង្ហើមដ៏កាចសហាវ ដែលមានឈ្មោះថាកូវីត ១៩ ក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលបានប្រកាសចេញនូវ ការផ្តល់ជូនការចាក់វ៉ាក់សាំងកូវីត១៩ ដោយឥតគិតថ្លៃ ជូនទៅកាន់ប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយការស្ម័គ្រចិត្ត។

ក្នុងនោះផងដែរក៏មានបងប្អូន ប្រជាពលរដ្ឋមួយចំនួនតូច នៅមានការព្រួយបារម្ភ និងភ័យខ្លាចថា ក្រោយពេលចាក់វ៉ាក់សាំងកូវីត១៩រួច ពួកគេអាចនឹងមានប្រតិកម្មខ្លះដែលអាចកើតឡើង ជាដំណោះស្រាយមួយលើបញ្ហានេះ ខាងក្រោមគឺជាវិធីសាស្រ្តល្អៗ ដែលអ្នកគួរតែអនុវត្ត បន្ទាប់ពីចាក់វ៉ាក់សាំងកូវីត ១៩រួច។

១. សុខភាពផ្លូវកាយ

ប្រាកដណាស់ ក្រោយចាក់វ៉ាក់សាំងហើយ មន្រ្តីសុខាភិបាលនឹងមានផ្ដល់ឯកសារណែនាំ ដែលផ្ដល់ជាព័ត៌មាន ដែលក្នុងការណែនាំនោះ អ្នកគួរតែព្យាយាមពិសារអាហារដូចធម្មតា អាហារដែលសម្បូរទៅដោយជីវជាតិ វីតាមីន ពិសារទឹកឲ្យបានច្រើន ដែលអាហារប្រចាំថ្ងៃទាំងនេះ មិនត្រូវបានហាមឃាត់នោះទេ។

ក្នុងនោះផងដែរក៏មានការហាមឃាត់នូវ អាហារនិងភេសជ្ជៈទាំងឡាយណា ដែលអាចធ្វើឲ្យប្រសិទ្ធិភាពនៃវ៉ាក់សាំងថយចុះ ដូចជា ការផឹកគ្រឿងស្រវឹង ក្នុងរយៈពេលកំណត់ ដែលត្រូវបានហាមឃាត់ជាដាច់ខាត។

២. សុខភាពផ្លូវចិត្ត

មានប្រជាពលរដ្ឋជាច្រើនបានចាក់វ៉ាក់សាំង ច្បាស់ណាស់មន្រ្តីសុខាភិបាលក៏បានសួរនាំដែរពីសុខភាពរបស់អ្នក មុនអនុញ្ញាតការចាក់វ៉ាក់សាំង។ លោកអ្នកអាចសួរនាំបន្ថែមពី អ្នកដែលបានចាក់ពិតប្រាកដ ពីអាការៈដែលអាចកើតមានឡើងតិចតួច ទៅតាមសុខភាពរបស់ម្នាក់ៗ។

ដែលជាទូទៅគឺ ស្ទើរតែគ្មានប្រតិកម្មអ្វីដែលជាការព្រួយបារម្មណ៍នោះទេ។ ក្រោយពេលចាក់ថ្នាំវ៉ាក់សាំងរួច អ្នកគួរគិតរឿងល្អៗគិតបែបសុទិដ្ឋិនិយម បំពេញការងារធម្មតា(លើកលែកការប្រើកម្លាំងធ្ងន់) ធ្វើសមាធិក៏អាចជាជំនួយផ្លូវចិត្ត និងកុំភ្លេចការគេងឲ្យបានគ្រប់គ្រាន់ផងដែរ។

៣. “វិធានការណ៍ ៣ការពារ ៣កុំ” ដើម្បីអាចគេចផុតពីកូវីត១៩

បើទោះបីជាអ្នកបានចាក់វ៉ាក់សាំងការពារការឆ្លងនូវវីរុសកូវីដ១៩ ក៏ដោយចុះ ប៉ុន្តែអ្នកត្រូវតែបន្ត ការពាក់ម៉ាសឲ្យបានត្រឹមត្រូវនៅទីសាធារណៈ ការលាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតចម្ងាយពីគ្នាយ៉ាង តិចឲ្យបាន ១ម៉ែត្រកន្លះ ទៅ២ម៉ែត្រ។ ជាមួយគ្នានេះដែរ អ្នកក៏ត្រូវតែអនុវត្តវិធីសាស្រ្ត ៣ការពារ និង៣កុំ គឺ កុំប៉ះពាល់ មុខមាត់ កុំទៅកន្លែងបិទជិត និងកុំទៅកន្លែងមានមនុស្សច្រើន។

ជារួមមកវិញអ្នកទាំងអស់គ្នា កុំភ្លេចទៅទទួលយកការចាក់វ៉ាក់សាំងដោយស្ម័គ្រ(សម្រាប់ប្រជាពលរដ្ឋ) និងចូលរួមការពារ ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីត១៩ ដែលកំពុងតែមានការវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះអ្នកត្រូវមានការ ប្រុងប្រ័យត្ន និងត្រូវថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អណាស់៕