មុននិងលោកអ្នកចង់បានគន្លឹះយកទំនុកចិត្តពីអ្នកដទៃ លោកអ្នកត្រូវសួរត្រឡប់មកខ្លួនឯងថាតើការទុកចិត្តរបស់អ្នកដែលអាចឱ្យទៅនរណាម្នាក់បានដោយសារអ្វី លោកអ្នកប្រាកដជាបានចម្លើយខ្លះៗហើយពីខ្លួនឯង។ ទំនុកចិត្តអាចកើតមានរវាងទំនាក់ទំនងមិត្តភក្តិ សង្សារ ប្ដីប្រពន្ធជាដើមដែលត្រូវមានជាការចាំបាច់ចំពោះគ្នាទៅវិញទៅមក។ ដើម្បីឱ្យលោកអ្នកបានយកទំនុកចិត្តពីអ្នកដទៃ យើងខ្ញុំសូមលើកឡើង៥ ចំណុចខាងក្រោមនេះជូនដល់លោកអ្នក។
១.និយាយតែពាក្យពិត៖ នៅពេលដែលលោកអ្នកនិយាយតែរឿងដែលពិតជាក់ស្ដែង មិនកុហកបោកប្រាស់ទំនុកចិត្តអ្នកដទៃ លោកអ្នកជាមនុស្សម្នាក់ដែលមានភាពប្រាកដប្រជា មិននិយាយឥតបានការ ជាហេតុធ្វើឱ្យអ្នកទទួលបានទំនុកចិត្តពីមនុស្សជុំវិញខ្លួន ហើយគេក៏អាចវាយតម្លៃពីកិរិយាមារយាទរបស់អ្នកជាមនុស្សម្នាក់ដែលអាចរាប់អាន។ប៉ុន្ដែប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តនិយាយ កុហក នៅពេលដែលអ្នកចង់និយាយពាក្យពិតអ្នកប្រាកដជាទទួលបានការមិនទុកចិត្តពីដៃគូដោយគេអាចនឹងគិតថាប្រហែលជាមកនិយាយកុហកម្ដងទៀតហើយមើលទៅ។
២.សារភាពប្រាប់អ្នកដទៃនូវកំហុសរបស់ខ្លួន៖ ប្រាប់គេទៅនៅពេលដែលយើងបានធ្វើខុសអ្វីមួយដោយអចេតនាក្ដីឬក៏ចេតនាក្ដីទៅលើគេ កុំខ្លាចគេខឹង ខ្លាចគេមិនពេញចិត្ត ត្រូវទទួលស្គាល់ការពិតដែលយើងបានធ្វើ ហើយបណ្ដោយឱ្យកំហុសរបស់យើងបានកែប្រែដោយដៃគូ ហើយគេនឹងមានទំនុកចិត្តមកលើយើង ព្រោះតែយើងហ៊ាននិយាយ ក្លាហានសារភាពកំហុស ទទួលស្គាល់អ្វីដែលខ្លួនបានធ្វើមនុស្សប្រភេទនេះនរណាៗក៏ចង់រាប់អានដែរ។
៣.ម៉ត់ចត់ជាមួយការងារ៖ មិនថាការងារ ឬក៏ការសិក្សាទេអ្នកត្រូវមានភាពម៉ត់ចត់ ជានិច្ច និយាយហើយត្រូវធ្វើឱ្យបាន ពោលគឺត្រូវបង្កើតឱ្យចេញជារូបរាង។ ទាំងនេះក៏មានប្រយោជន៍ល្អដល់អាជីវកម្មដែលចង់បានទំនុកចិត្តពីអ្នកដទៃ ឱ្យធ្វើការវិនិយោគជាមួយអាជីវកម្មរបស់ខ្លួន។ មិត្តភាពក៏ដូចគ្នាបើអ្នកជាមនុស្សម៉ត់ចត់គេមិនហានបដិសេធសំណើរបស់អ្នកឡើយ ផ្ទុយទៅវិញគេប្រាកដជាស្វះស្វែងជាមួយអ្នកដោយមានទំនុកចិត្តថែមទៀតផង។
៤.មិនបោកប្រាស់៖ ទំនុកចិត្តអាចមានទៅលើនរណាម្នាក់បាន ដោយបុគ្គលម្នាក់នោះមិនមែនជាមនុស្សបោកប្រាស់ទាំងទំនុកចិត្ត និងក្ដីស្រឡាញ់។ អ្នកអាចសាកល្បងគិតមកលើខ្លួនឯងទៅមើលតើអ្នកចូលចិត្តមនុស្សបោកប្រាស់ទេ ហើយមនុស្សបោកប្រាស់គួរឱ្យអ្នកទុកចិត្តបានទេ គឺមិនអាចឡើយ។ ប្រសិនបើមាននរណាម្នាក់គេមកនិយាយរឿងសម្ងាត់មួយប្រាប់អ្នក ហើយអ្នកមិនជួយលាក់រឿងនោះទាំងដែលគេបានស្នើសុំឱ្យអ្នកជួយលាក់ទុកជារឿងសម្ងាត់ តើអាចឱ្យគេមានទំនុកចិត្តមកលើអ្នកបានដោយរបៀបណា?
៥.កុំបោះបង់ចោលនៅពេលមានបញ្ហា៖ មនុស្សដែលជាដៃគូជាមួយគ្នាជិតដិត រាប់អានជាមិត្តភក្តិពិតប្រាកដគេមិនបោះបង់គ្នាឡើយនៅពេលដែលកើតមាននូវបញ្ហាអ្វីមួយ ប្រសិនបើកំពុងជួបមានបញ្ហាហើយអ្នកត្រូវមិត្តបោះបង់មិនជួយរកដំណោះស្រាយ បើទោះបីជាអ្នកធ្លាប់ផ្ដល់ការទុកចិត្តឱ្យគេខ្លាំងយ៉ាងណាក៏អ្នកនឹងដកត្រឡប់មកវិញហើយ ព្រោះគ្មាននរណាម្នាក់ទៅឱ្យទំនុកចិត្តលើមនុស្ស ដែលបោះបង់គ្នានៅគ្រាជួបបញ្ហាឡើយ។
សរុបមកទំនុកចិត្តពីមិត្តភក្តិ សង្សារ ប្ដីប្រពន្ធឬកន្លែងការងារក្ដីវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ទំនាក់ទំនងទាំងអស់ដោយមិនអាចខ្វះបាននោះទេចំពោះទំនុកចិត្តនេះ។ ដូច្នេះហើយអ្នកត្រូវមានការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនទាំង៥ចំណុចខាងលើដើម្បីបានទំនុកចិត្តត្រឡប់មកវិញ៕