សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ប្រទេសកម្ពុជាជាប្រទេសដែលមានអាកាសធាតុក្ដៅហើយសើម ព្រមទាំងមានរដូវកាលបានប្រែប្រួលជារៀងរាល់ឆ្នាំ។យ៉ាងណាមិញនៅក្នុងពេលបច្ចុប្បន្ននេះ ក៏បានឈានដល់រដូវត្រជាក់ ហើយក៏មានការប្រែប្រួលខ្លះចំពោះបញ្ហាស្បែក និងបញ្ហាសុខភាពក៏ព្រោះតែការផ្លាស់ប្ដូរអាកាសធាតុនោះផងដែរ។ ជាការពិតណាស់ស្បែកនៅក្នុងរដូវត្រជាក់អាចមានសភាពស្ងួត ប្រះស្រការ គ្មានសំណើមដូច្នេះខាងក្រោមជាវិធីសាស្ត្រចំនួន ៥​សម្រាប់ជួយដោះស្រាយបញ្ហាទាំងនេះជូនអ្នកទាំងអស់គ្នា​៖

១.ការងូតទឹក៖ អ្នកទាំងអស់គ្នាមួយចំនួនបានយល់ច្រឡំថាការងូតទឹកបណ្ដាលឱ្យស្បែកបែកស្រការ ក៏ប៉ុន្តែមិនដូច្នោះទេ ការងូតទឹកគឺជាវិធីសាស្រ្តដើម្បីផ្តល់សំណើមដល់រាងកាយ និងស្បែកកុំឱ្យបែកស្រការមិនមានសភាពស្ងួតនៅលើស្បែកជាដើម ព្រោះថាការងូតទឹកបានផ្លាស់ប្ដូរកម្ដៅនៅក្នុងខ្លួន ឱ្យមានសីតុណ្ហភាពសមស្របជាមួយអាកាសធាតុ។

២.ការផឹកទឹក៖ លោកអ្នកមិនគួរមើលរំលងការបរិភោគទឹកឱ្យបានច្រើននោះទេ ជាពិសេសនៅពេលអាកាសធាតុចុះត្រជាក់បែបនេះ គួរតែបរិភោគទឹកក្ដៅឧណ្ហៗឱ្យបានញឹកញាប់ជាមួយ ខ្ញី ឬក្រូចឆ្មាជាដើម ដើម្បីបំពេញជាតិទឹកឱ្យបានគ្រប់គ្រាន់នៅក្នុងខ្លួន និងជួយឱ្យស្បែកមានសំណើមជានិច្ច ជាពិសេសមិនស្ងួតនៅក្នុងខ្លួន។

៣.ប្រើឡេសំណើម៖ ឡេប្រភេទនេះមានលក់ច្រើនណាស់នៅក្នុងផ្សារ ហើយការប្រើឡេផ្ដល់សំណើមអាចជួយការពារស្បែកអ្នកមិនឱ្យស្ងួត ស្រអាប់ ហើយថែមទាំងមានសភាពភ្លឺរលោងថែមទៀតផង។ តែយ៉ាងណាមិញអ្នកក៏ត្រូវតែជ្រើសរើសឡេឱ្យបានត្រឹមត្រូវតាមស្បែករបស់អ្នក ព្រោះស្បែករបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ជាពិសេសអាកាសធាតុបែបនេះ ងាយនឹងឱ្យស្បែករបស់អ្នករងគ្រោះ។

៤.ទទួលទានបន្លែផ្លែឈើ៖ ការពារស្បែករបស់អ្នកបានត្រឹមត្រូវរួចអស់ពីខាងក្រៅហើយ ក៏កុំភ្លេចជាមួយការការពារស្បែកពីខាងក្នុងតាមរយៈការបរិភោគបន្លែធម្មជាតិ ដែលមានប្រូតេអ៊ីនប្រឆាំងជាមួយអាកាសធាតុត្រជាក់ ហើយថែមទាំងជួយដល់ស្បែកអ្នកបានថែមទៀតផងដែលមានដូចជាបន្លែស្ពីណាត់ ស្ពៃប្រូខូលី ផ្លែគីវី និងផ្លែបឺរីជាដើម។

៥.សម្លៀកបំពាក់ក្រាស់ៗ៖ ការពាក់ជាមួយសម្លៀកបំពាក់ក្រាស់ៗក៏អាចឱ្យស្បែករបស់អ្នកបានគេចផុតពីអាកាសធាតុត្រជាក់នៅខាងក្រៅ ហើយអាចរក្សាសំណើម និងសីតុណ្ហភាពនៅក្នុងខ្លួនបានយ៉ាងល្អ ប៉ុន្តែអ្នកគួរជៀសវាងជាមួយការស្លៀកសម្លៀកបំពាក់ណាដែលមានសភាពរឹបរាងកាយរបស់អ្នកពេក ព្រោះវាអាចបង្កឱ្យគ្រោះថ្នាក់បាន។

ជារួមមកវិញប្រសិនបើអ្នកកំពុងតែមានសភាពស្បែកស្ងួត​ខ្មៅស្រអាប់ និងប្រេះបែកស្រកាច្រើននៅក្នុងរដូវកាល

ត្រជាក់បច្ចុប្បន្ន។​ អ្នកទាំងអស់គ្នាគួរជ្រើសរើសយកនូវវិធីសាស្រ្តទាំង៥ខាងលើដើម្បីថែរក្សាស្បែករបស់ខ្លួនឲ្យចៀសផុតពីបញ្ហាមិនល្អសម្រាប់ស្បែកនៅក្នុងរដូវកាលនេះ៕