វត្ត​ពោធិ​រុក្ខា​រាម ​ហៅ​វត្ត​កំពង់ត្រឡាច​លើ គឺជា​វត្ត​មួយ​ដែលមាន​អាយុកាល ជាង៣០០ឆ្នាំមកហើយ តែអ្វីដែលពិសេសនោះ គឺរូបគំនូរបុរាណដែលវិចិត្រករខ្មែរបាន​គូរ​នៅលើ​ជញ្ជាំង​ព្រះវិហារ​នោះ ក៍មានអាយុកាលជិត២០០ឆ្នាំដែរហើយនៅមានសភាពដិតជាប់ច្បាស់ល្អ។ វត្ត​នេះ​មាន​ទីតាំង​ស្ថិត នៅ​ក្នុងភូមិ​កំពង់ត្រឡាច​លើ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​ ​ ​

​វត្ត​ពោធិ​រុក្ខា​រាម ហៅ​វត្ត​កំពង់ត្រឡាច​លើនេះ គឺជា​វត្ត​ដែលមាន​អាយុកាល​ចំណាស់​ជាងគេ​នៅក្នុង​ខេត្តកំពង់ឆ្នាំងដែល​ដូនតា​យើង​ បាន​ចាប់​កសាង​ទីតាំង​នេះ​តាំងពី​ឆ្នាំ​១៦៧២​។ ​នៅ​ឆ្នាំ​១៨៤៧ ព្រះវិហារ និង​សាលា​ធម្ម​សភាក៍​ត្រូវបាន​កសាងឡើង។ ព្រះវិហារ​មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ មាន​សសរ​ទ្រ​ចំនួន​៦២​ដើម ឯ​ខឿន និង​គ្រឹះ​ព្រះវិហារ​ធ្វើ​អំពី​ថ្មបាយក្រៀម​។​

នៅ​ឆ្នាំ​១៨៥០ មាន​ជាងគំនូរ​ពី​នាក់​គឺ​ឈ្មោះ​ប៉ាល់ និង​ជាង​ជា បាន​គូររូប​គំនូរ​នៅលើ​ជញ្ជាំង​ព្រះវិហារ ហើយ​បាន​បន្សល់​នូវ​ស្នាដៃ​ផាត់​ពណ៌​ដ៏​ល្អ​វិចិត្រ​នេះ​រហូតមកដល់​សព្វថ្ងៃ​។ ​រូបគំនូរ​ទាំងនេះ​បរិយាយអំពី​រឿង​រាមកេរ្តិ៍​ខ្មែរ ជាតក នៃព្រះពុទ្ធសាសនា ពុទ្ធប្រវត្តិ ​និង​ទាក់ទងនឹងជីវភាពរស់នៅនៃវប្បធម៌ប្រពៃណី​ខ្មែរ​។ ​តាម​ការស្រាវជ្រាវ​រប​ស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បានអោយដឹងថា រូបគំនូរទាំងនេះដូចគ្នាទៅនឹងគំនូរក្នុងព្រះវិហារ ព្រះកែវមរកតដែលស្ថិតនៅក្នុងព្រះបរមរាជវាំង ហើយមានអាយុកាលតំណាលគ្នា។ 

កាលពីជំនាន់ ប៉ុលពត​ គេ​បាន​យក​ព្រះវិហារ​នេះ​មក​ធ្វើជា​គុក​ដាក់​ប្រជាពលរដ្ឋ បន្ទាប់មក​យក​ធ្វើជា​ឃ្លាំង​ដាក់​អំបិល ហើយ​ចុងក្រោយ​គេ​យក​ព្រះវិហារ​ធ្វើជា​កន្លែង​បិតស្រា​ថែមទៀត​ រហូតធ្វើអោយផ្ទាំងគំនូរខូចខាតយ៉ាងច្រើន។ តែត្រូវបានជួសជុសឡើងវិញជាបន្តបន្ទាប់នៅសម័យក្រោយមក៕

អត្ថបទនិងរូបភាពនេះ ជាការចូលរួមចែករំលែកពីទំព័រ បុរាណាចារ្យ