សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ បើទោះជាមានការផ្សព្វផ្សាយយ៉ាងទូលាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាហូរហែពាក់ព័ន្ធទៅនឹងការទិញដីក្នុងគម្រោងខ្យល់យ៉ាងណាក៏ដោយ បច្ចុប្បន្នគេនៅតែឃើញថា មានមនុស្សមួយចំនួន នៅតែចាញ់ការបោកបញ្ឆោតនៅក្នុងវិស័យនេះដោយការទិញដីស្ថិតក្នុងគម្រោងខ្យល់ដដែល។ 

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និងសាកល លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និងជាប្រធាន KW Cambodiaបានមានប្រសាសន៍ប្រាប់ភ្នាក់ងារ Krama Post ថា អ្នកដែលទទួលរងនូវការខាតបង់ពីការទិញដីទុកសាងសង់លំនៅដ្ឋាន ឬទិញទុកវិនិយោគបន្តយកចំណេញច្រើនតែជាអ្នកដែលមិនសូវបានយល់ដឹងពីស្ថានការណ៍នៃទីផ្សារអចលនទ្រព្យ រឹតតែមិនបានស្គាល់ពីច្បាស់ពីគម្រោងផ្សេងៗដែលពាក់ព័ន្ធទៅនឹងការទិញដីរបស់ខ្លួន ពោលគឺការទិញតាមគេផ្អើល ឬតាមការបោកបញ្ឆោត។ 

លោកឧកញ៉ាបានបញ្ជាក់ដូច្នេះថា “នៅក្នុងទីផ្សារអចលនទ្រព្យ ជាពិសេសផ្នែកខាងដីធ្លី កន្លងទៅយើងឃើញមានបញ្ហាជាច្រើនកើតមាន រហូតដល់មានករណីខ្លះឈានចូលដល់ប្រព័ន្ធតុលាការផងដែរ ដែលទាំងអស់នេះកើតចេញពីការទិញ-លក់ដោយគ្មានតម្លាភាព គ្មានភាពស្មោះត្រង់រវាងអ្នកលក់ ឬភ្នាក់ងារ ជាមួយនឹងអតិថិជនរបស់ខ្លួន”។ 

លោកឧកញ៉ាបន្តថា “សម្រាប់អ្នកដែលមានចំណេះដឹង មានបទពិសោធន៍ក្នុងការទិញ-លក់ដី ហាក់មិនសូវជួបបញ្ហានោះទេ ប៉ុន្តែសម្រាប់ដែលតែងឃើញមានហានិភ័យ ភាគច្រើនជាអ្នកដែលទិញដីតាមគេប្រាប់តគ្នា ឬទិញផ្អើលតាមគេទាំងប្រថុយប្រថាន។ ជូនកាលទិញដោយសារឮគេប្រាប់ថា ជាដីស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍អ្វីមួយ ឬមានគម្រោងអភិវឌ្ឍន៍ធំនៅក្បែរ ប៉ុន្តែរាល់គម្រោងទាំងអស់នោះគ្រាន់តែជាគម្រោងខ្យល់ ដែលជាលទ្ធផលភាពខាតបង់ទាំងលុយកាក ទាំងពេលវេលាត្រូវធ្លាក់មកលើខ្លួនឯង។ សម្រាប់អ្នកដែលទទួលរងនូវការខាត់បង់ ប្រសិនបើជាទ្រព្យដែលខ្លួនមានស្រាប់ហាក់មិនសូវបញ្ហាខ្លាំងនោះទេ ប៉ុន្តែបើសម្រាប់អ្នកដែលគ្មានប្រាក់គ្រប់គ្រាន់ ហើយខ្ចីលុយធនាគារមកទិញ នោះទើបជាហានិភ័យខ្ពស់បំផុត”។ 

ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានក្រើនរំឮកថា សម្រាប់អ្នកដែលមានបំណងទិញដីធ្លីនៅក្នុងគម្រោងណាមួយ ឬទីតាំងណាមួយ គម្បីត្រូវសិក្សា និងស្វែងរកព័ត៌មានពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ជៀសវាងជួបហានិភ័យ និងកើតជាវិបត្តិហិរញ្ញវត្ថុ៕