រាជធានីភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ដែលត្រូវជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីការជម្រុញ ប្រទេសកម្ពុជាពីប្រទេសអ្នកហូប ឱ្យទៅជាប្រទេសអ្នកផលិតនេះ ដែលទាមទារឱ្យកម្ពុជាខិតខំកែច្នៃផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរជាងនេះថែមទៀត នៅក្នុងវេទិកាតុមូលដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២០។

លោកបណ្ឌិត បានលើកឡើងថា៖ «ខ្មែរជាប្រទេសអ្នកហូប មិនមែនជាប្រទេសអ្នកផលិតទេ អញ្ចឹងធ្វើដូចម្តេចបានក្លាយទៅជាប្រទេសអ្នកផលិត»។ លោកបន្តថា «កុំក្លាយជាប្រទេសអ្នកហូប ត្រូវក្លាយជាប្រទេសផលិត»

ដើម្បីឱ្យកម្ពុជាខ្លាំង និងក្លាយទៅជាប្រទេសអ្នកផលិត លោកបណ្ឌិត សុខ ទូច បានបង្ហាញ៤ចំណុចដែលកម្ពុជាត្រូវធ្វើក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់រួមមាន៖ 

  • ១. បន្តផ្តោតការយកចិត្តទុកដាក់ និងពង្រឹងមូលដ្ឋានផលិតកម្ម ដូចជា ទឹក ភ្លើង ផ្លូវ 
  • ២. កំណែទម្រង់ធនធានមនុស្សចាប់ពីកម្រិតមតេ្តយ្យសិក្សា ដោយតម្រង់ទិសនៃការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើធនធានមនុស្ស និងបច្ចេកវិទ្យាថ្មីៗ (ឧស្សាហកម្ម៤.០) 
  • ៣. ធ្វើពិធីកម្មវិស័យសំខាន់ៗដែលជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងសម្រាប់គាំទ្រដល់វិស័យដទៃទៀតដូចជាកសិកម្ម ដើម្បីទេសចរណ៍ កសិកម្មដើម្បីឧស្សាហកម្ម និងកសិកម្មដើម្បីការនាំចេញទៅក្រៅប្រទេស និង
  • ៤. បន្តកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលយុវជនដែលជាកម្លាំងស្នូលគ្រប់កម្រិតសិក្សា ជាពិសេសគឺចាប់ពីកម្រិតមតេ្តយ្យសិក្សារហូតដល់មធ្យមសិក្សា៕

លោកបណ្ឌិត សុខ ទូច (ប្រភពរូបភាពពី RAC)