លោកបណ្ឌិត គី សេរីវឌ្ឍន៍ (ប្រភពរូបភាពពីRAC)

រាជធានីភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូលស្តីពីតើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃទី១៩ខែមិថុនានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាអ្នក​ឯកទេសសេដ្ឋកិច្ច បានផ្ដល់នូវទស្សនៈពីការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីបញ្ចប់កូវីដ។

លោកបណ្ឌិតបានថ្លែងថា៖ «សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបាន គឺទី១៖ យើងត្រូវស្តារទេសចរណ៍ក្នុងស្រុក,ទី២៖ យើងត្រូវកែច្នៃកសិកម្មរបស់យើងឲ្យទៅជាកសិកម្មគាំទ្រដល់វិស័យទេសចរណ៍ និងជាផលិតផលសិរីរាង្គ និងទី៣៖កាត់បន្ថយថ្លៃដើមលើកការដឹកជញ្ជូន និងយកចិត្តទុកដាក់ ទៅលើឧស្សាហកម្មខ្នាតតូច (SMEs)ដែលជាឧស្សាហកម្មដ៏សំខាន់ ធ្វើយ៉ាង ណាឲ្យអាចមានការឱកាសរួមគ្នានាំចេញទៅក្រៅប្រទេសបាន»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចាត់ទុកថា ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកជាង ១១លាននាក់គឺជាកូនសោគន្លឹះក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ។ ចំណែកវិស័យកសិកម្មវិញ លោកបណ្ឌិតបានឱ្យយោបល់ថា កម្ពុជាត្រូវតែប្តូរយុទ្ធសាស្ត្រផលិតនូវផលិតផលសិរីរាង្គ ដែលមានតម្រូវការទីផ្សារខ្ពស់ខុសពីប្រទេសនានា ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍ ព្រមទាំងត្រូវរៀបចំចងក្រងជាសហគមន៍កសិកម្ម និងការពង្រឹងទីផ្សារកសិផល ដើម្បីជំរុញវិស័យកសិកម្ម។

ចំពោះវិស័យSMEs លោកបណ្ឌិត មើលឃើញថាចំនុចដែលត្រូវកែលម្អរួមមាន៖ ខ្វះនូវបញ្ហាបច្ចេកទេស បច្ចេកវិទ្យា និងកម្លាំងពលកម្មជំនាញព្រមទាំងសីលធម៌ក្នុងការប្រកួតប្រជែងផងដែរ៕

ប្រភពពី RAC